អត្ថបទវិភាគផ្លូវច្បាប់៖ ករណីស្នេហាត្រីកោណ អំពើ ផិត ជេរប្រមាថ និងបទហឹង្សា

ថ្មីៗនេះ មានករណី ប្រពន្ធ តាមទាន់ ប្តីមានស្រីនៅផ្ទះសំណាក់។ ហើយប្រពន្ធ បាននាំគ្នីគ្នា ទៅវាយ និងបានថតជាវីដេអូរផុសលើបណ្តាញសង្គម ផ្អើលអស់ទូទាំងប្រទេស។ ជុំវិញករណីនេះអ្នកជំនាញផ្នែកច្បាប់របស់សារព័ត៌មានខ្មែរឈានមុខ គឺ លោក គី ពិសិដ្ឋ សូមធ្វើអត្ថបទវិភាគពាក់ព័ន្ធនិងករណីខាងលើនេះ ដើម្បីជាការចែករំលែកចំណេះដឹងដល់សាធារណជនដើម្បីសិក្សាស្វែងយល់មានមូលដ្ឋានក្នុងការពិចារណាដោយផ្អែកទៅលើច្បាប់ទាំងស្រុង។ សារព័ត៌មានខ្មែរឈានមុខក៏សុំការអភ័យទោសទុកជាមុន ប្រសិនបើអត្ថបទវិភាគនេះមានកង្វះខ្វះខាតត្រង់ចំណុចណាមួយដោយអចេតនា និងទទួលយកនូវមតិរិះគន់ក្នុងន័យស្ថាបនាដើម្បីទទួលបានធាតុចូលបន្ថែមទៀតសម្រាប់អត្ថបទលើកក្រោយ។

មានមតិពីរផ្ទុយគ្នា គឺមានអ្នកគាំទ្រប្រពន្ធថាវាយប៉ុណ្ណឹងតិចពេកផង ចាំខ្ញុំទៅជួយវាយថែម។ ហើយមានមតិមួយទៀត ថាការប្រើហឹង្សាមិនល្អទេ ត្រូវតែទទួលទោស។ ដូច្នេះ ថាតើច្បាប់ខ្មែរណាខ្លះ ដែលពាក់ព័ន្ធ និងបកស្រាយចម្ងល់ប្រិយមិត្ត ថាមានច្បាប់ណាការពារប្រពន្ធទេ?

រដ្ឋធម្មនុញ្ញខ្មែរ មាត្រា ៤៥ វាក្យខណ្ឌទី៤ ចែងថា អាពាហ៍ពិពាហ៍ ត្រូវធ្វើតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ និងតាមគោលការណ៍ស្ម័គ្រចិត្ត ប្តីមួយប្រពន្ធមួយ។
ច្បាប់ស្តីពីអាពាហ៍ពិពាហ៍និងគ្រួសារឆ្នាំ១៩៨៩ បាននិរាករណ៍ ដោយច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណីហើយ។ របបស្តីពីការទទួលស្គាល់ ប្រពន្ធ ប្តី និងកូន មានចែងក្នុងក្រមរដ្ឋប្បវេណី។

សព្វថ្ងៃ មានច្បាប់តែមួយគត់ ដែលការពារ ប្តីមួយ ប្រពន្ធមួយ គឺច្បាប់ស្តីពីឯកពន្ធភាព ឆ្នាំ២០០៦ ។ មាត្រា ២ នៃច្បាប់នេះចែងថា គៅលការណ៍ឯកពន្ធភាព ដោយស្ម័គ្រចិត្ត ប្តីមួយប្រពន្ធមួយ ដោយមានចុះបញ្ជីអាពាហ៍ពិពាហ៍ចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន ស្របតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ស្តីពីអាពាហ៍ពិពាហ៍និងគ្រួសារ។ តាមន័យនៃមាត្រា ២ នេះ ដែលហៅថាប្តីប្រពន្ធ លុះត្រាតែបានទៅចុះបញ្ជីនៅចំពោះមុខមេឃុំ ឬចៅសង្កាត់ ដែលពីមុនការទទួលស្គាល់ថាជាប្តី ឬប្រពន្ធនេះ តាមរយៈច្បាប់ស្តីពីអាពាហ៍ពិពាហ៍និងគ្រួសារ តែច្បាប់នេះបានលុបចោលស្ទើរតែអស់ទៅហើយ ដូច្នេះ ការទទួលស្គាល់ប្តី ឬប្រពន្ធ គឺទទួលស្គាល់តាមរយៈក្រមរដ្ឋប្បវេណីវិញម្តង។

ចំពោះទោសទណ្ឌ ប្តី ឬប្រពន្ធ ដែលមិនគោរពគោលការណ៍ប្តីមួយប្រពន្ធមួយទេ និងត្រូវមានទោស ដូចក្នុងមាត្រា ៩ និងមាត្រា ១០ នៃច្បាប់ស្តីឯកពន្ធភាព និងក្រមព្រហ្មទណ្ឌ ដែលច្បាប់ទាំងពីរនេះ ចែងទម្ងន់ទោសដូចគ្នា។

ដូច្នេះប្រសិនបើប្រពន្ធ ឬប្តីរកឃើញថា សហព័ទ្ធរបស់ខ្លួន មានទំនាក់ទំនងផ្លូវភេទ ទោះអ្នកទី៣នោះ មាន ឬគ្មានចំណងអាពាហ៍ពិពាហ៍ក៏ដោយ ជានារី ឬបុរសបម្រើសេវាកម្មកម្សានក៏ដោយ បើប្រពន្ធ ឬប្តីប្តឹង អ្នកក្បត់នោះត្រូវតែមានទោសជាប់ពន្ធនាគារ ពី១ខែ ដល់ ១ឆ្នាំ និងពិន័យជាប្រាក់ពី២០ម៉ឺន ដល់ ១លានរៀល។

មាត្រា ៧ នៃច្បាប់នេះ ចាត់ទុកថា ផិតចំពោះតែដៃគូ ដែលទៅរួមសវនកិច្ចជាមួយភេទផ្ទុយគ្នាទេ បើប្តី ឬប្រពន្ធទៅដេកជាមួយអ្នកដែលមានភេទដូចគ្នា គឺពុំមានទោសឡើយ(GAY or Lesbien no punishment)។ បន្ថែមពីលើនេះ ពុំមានមាត្រា ឬច្បាប់ណា ដាក់ទោសទណ្ឌលើ អ្នកទី៣ឡើយ បើជនទី៣នោះ នៅលីវ (គ្មានចំណងអាពាហ៍ពិពាហ៍ ពោលគឺគ្មានសំបុត្រអាពាហ៍ពិពាហ៍)។

ច្បាប់នេះ ទុកសិទ្ធិដល់ភរិយា ដើម្បីទាត់ប្តីចោល ឬព្រមទទួលយកភាគីទី៣ ដោយបើកចំហរ ឬលួចលាក់។ ច្បាប់នេះ ពុំបានផ្តល់អភ័យឯកសិទ្ធិដល់ប្រពន្ធ ឬប្តី ទៅប្រើហឹង្សាលើភាគីទី៣ឡើយ។ ជនរងគ្រោះមានសិទ្ធិតែមួយ គឺដាក់ពាក្យសុំលែងលះទៅតុលាការ ហើយការបែងចែកទ្រព្យសម្បត្តិ គឺអាស្រ័យទៅលើស្ថានភាពនៃទ្រព្យនោះ ដោយពុំអាចយកកំហុសនៃអំពើផិត ទៅដកហូតទ្រព្យសម្បតិ្ត ឬបណ្តេញចេញពីផ្ទះបានឡើយ។

ប្រពន្ធគ្មានទំនាក់ទំនង ឬសិទ្ធិដើម្បីជេរប្រមាថ ឬប្រើហឹង្សាលើស្រីកំណាន់នោះដែរ ហើយរិតតែមិនអាច បើខ្លួនត្រឹមតែបានរៀបការតាមប្រពៃណី មិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ទេ។ បើបានចុះសំបុត្រអាពាហ៍ពិពាហ៍ហើយ ប្រពន្ធមានជម្រើសតែមួយគត់ គឺដាក់ពាក្យសុំលែងលះតាមផ្លូវតុលាការ ហើយបែងចែកទ្រព្យរួមជា២ចំណែកស្មើៗគ្នា ហើយប្តីអាចប្រឈមនឹងជាប់ពន្ធធនាគារពីបទផិត តែនៅមានសិទ្ធិទទួលបាននូវការបែងចែកទ្រព្យរួមស្មើគ្នាជាមួយប្រពន្ធ បើទោះបីជាខ្លួនមានកំហុសពីបទផិតក៏ដោយ។

យើងមកមើលពីសិទ្ធិ និងទោសទណ្ឌរបស់ស្រីកំណាន់វិញម្តង។ ពុំមានកំហុសឡើយ បើសិនជាគាត់មិនបានដឹង(តតីយជនសុច្ចរិត) ថាបុរសនោះមានប្រពន្ធទេ ហើយបើទោះបីជាស្រីកំណាន់បានដឹងថាបុរសនោះមានប្រពន្ធហើយ ក៏គាត់នៅតែគ្មានទោសដែរ គ្រាន់តែខុសសីលធម៌សង្គមតែប៉ុណ្ណោះ។
ដូចបានជម្រាបខាងលើ ប្រពន្ធមានតែសិទ្ធិមិនប្តឹងប្តី និងសិទ្ធិប្តឹងសុំលែងលះតែប៉ុណ្ណោះ។ ហើយបើប្រពន្ធ ទៅជេរមានបទល្មើសមួយ ផុសរូបលើបណ្តាញសង្គម មានបទល្មើសមួយទៀត ហើយប្រើហឹង្សា មានបទល្មើសមួយទៀត។ ប្រព្រឹត្តហឹង្សាមានគ្នាច្រើន ទោសកាន់តែធ្ងន់។

ចុះម្ចាស់ផ្ទះសំណាក់ ដែលផ្តល់សោរ ឬបើកទ្វារបន្ទប់ឱ្យគេប្រើហឹង្សាលើអតិថិជនរបស់ខ្លួន មានទោសឬទេ? មាន គឺទោសផ្តល់មធ្យោបាយឱ្យចារីប្រព្រិត្តបទល្មើស មានទោសដូចចារីដែរ។ នៅមិនទាន់គិតពីសំណងរដ្ឋប្បវេណី ពីការខូចខាត ដែលបណ្តាលមកពីការធ្វេសប្រហែស ឬមិនបានផ្តល់សុវត្ថិភាព ដល់អតិថិជនរបស់ខ្លួន។ ទោសបន្ថែម អាចបិទអាជីវកម្មនោះក្នុងអំឡុងពេលកំណត់ យ៉ាងយូរត្រឹម៥ឆ្នាំ ឬមិនឱ្យប្រកបរបរនោះ(ស្នាក់នៅ)អស់មួយជីវិត។

ទាំងបទល្មើសហឹង្សាដោយប្រពន្ធ និងផ្តល់មធ្យាបាយ(បើកសោរ)ដោយម្ចាស់ផ្ទះសំណាក់ គឺជាប្រភេទបណ្តឹងបរិហារ ដែលពុំចាំបាច់មានអ្នកប្តឹង ក៏នគរបាលយុត្តិធម៌ និងព្រះរាជអាជ្ញា ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដែរ។ ដើម្បីសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពរបស់ប្រជាជនទូទៅ។
ដូច្នេះ ប្រពន្ធទាំងឡាយដែលប្តីមានស្រីកំណាន់ សូមកុំជេរប្រមាទ ឬប្រើហឹង្សា លើស្រីកំណាន់ ព្រោះនាំតែផលវិបាកដល់ខ្លួនងនិងកូនៗតែប៉ុណ្ណោះ ហើយពេលខ្លួនមានទោស ប្តីកំហូចនោះនឹងមានឱកាសនៅជាមួយស្រីកំណាន់នោះដោយស្របច្បាប់ពេញមុខ ខណៈខ្លួនជាប្រពន្ធដេកក្នុងគុគលេង។

បើប្រៀបធៀបរវាងប្រពន្ធ និងស្រីកំណាន់របស់ប្តីឃើញថា ស្រីកំណាន់គ្មានទោស ពីបទទាក់ទងប្តីគេទេ គាត់មានទោសលុះត្រាតែស្រីកំណាន់នោះជាប្រពន្ធរបស់គេ។ ហើយទោសនោះទៀតសោត ពិន័យយ៉ាងច្រើន១លានរៀន និងជាប់ពន្ធធនាគារយ៉ាងយូរ១ឆ្នាំ ហើយប្តីរបស់ស្រីកំណាន់អាចស្នើសុំលើកលែងការចោទប្រកាន់បានទៀត។ ផ្ទុយទៅវិញ ប្រពន្ធ ដែលជេរ និងវាយស្រីកំណាន់មានបទល្មើសចំនួន២ ដែលអាចពិន័យជាប្រាក់រហូតដល់ទៅ១០លានរៀល និងអាចជាប់ពន្ធធនាគារដល់ទៅ៣ឆ្នាំ និងសំណងជំងឺចិត្តយ៉ាងច្រើនទៀតផង ហើយប្តីគាត់មិនអាចសុំការលើកលែងការចោទប្រកាន់ឱ្យគាត់បានទេ។ គោស៊ីស្រូវគេ ត្រូវចាប់គោចង ពុំត្រូវស្តីឱ្យម្ចាស់ស្រែទេ!

វិបាក
ច្បាប់នេះបានចែងច្បាស់ពីទោសទណ្ឌ គឺមានតែអ្នកប្រព្រឹត្តិ(ផិត) តែម្នាក់គត់ ដែលមានទោស ហើយទោសនេះ លុះត្រាតែប្រពន្ធប្តឹង។ សិទ្ធិមួយទៀត គឺសុំលែងលះ។ ការធ្វើសកម្មភាពណាដែលលើសពីនេះគឺខុសច្បាប់ ទៅតាមបទល្មើសនីមួយៗនោះ ដែលភាគច្រើន គឺ ជេរប្រមាថ ចែកចាយរូបភាពហឹង្សាលើបណ្តាញសង្គម។
បើគេចេះតែអាចប្រើហឹង្សាបាន នោះច្បាប់មានន័យអ្វី?

ចុះបើថ្ងៃក្រោយកូនស្រី បងស្រីយើង ប្អូនស្រីយើង ត្រូវប្តីគេមកលួងលោម បោកបញ្ឆោត បញ្ចុះបញ្ចូល គម្រាមកំហែង ឬបង្ខំ តើយើងជាម្តាយ ជាឪពុក ឈឺចាប់យ៉ាងណា បន្ថែមពីលើការឈឺចាប់ដោយការបោកប្រាស់ នៅមានហឹង្សាពីម្តាយគេ ប្រពន្ធគេ បងប្អូនគេ អង្គរក្សគេ ជនបាតដៃទី៣? ហើយនៅមានបន្សល់ស្លាកស្នាមលើអ៊ីនធឺណែត រាប់សិបឆ្នាំទៀត។ តើអនាគត់គេនឹងទៅជាយ៉ាងណា? តើមានច្បាប់ឯណាមកការពារអ្នកទាំងអស់គ្នា៕