ពលរដ្ឋ ៦១គ្រួសារ ទទួលបាន ដីលំនៅឋានពីគម្រោងសុវត្ថិភាពដីធ្លី និងសុវត្ថិភាពលំនៅឋាន

បាត់ដំបង៖ ពលរដ្ឋចំនួន ៦១ គ្រួសារ ទទួលបាន ដីឡូតិ៍ លំនៅឋាន ពីរដ្ឋបាលខេត្តបាត់ដំបង នៃគម្រោងសុវត្ថិភាពដីធ្លី និងសុវត្ថិភាពលំនៅឋាន (គម្រោងដី៦១ឡូតិ៍) ដែលមានទីតាំងស្ថិតនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

ពិធីប្រគល់បង្កាន់ដៃ និងកិច្ចសន្យាទទួលដីលំនៅឋានជូនប្រជាពលរដ្ឋអ្នកទទួលផលចំនួន ៦១គ្រួសារ ខាងលើនេះ ធ្វើឡើង កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ ក្រោមអធិតីភាព លោក សុខ លូ អភិបាលខេត្តបាត់ដំបង និង លោក Bernadette Bolo-Duthy នាយិកាប្រចាំប្រទេស អង្គការ លំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា។

បើតាម រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលខេត្តជាម្ចាស់គម្រោង និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ជាដៃគូសហការគាំទ្រផ្នែកបច្ចេកទេស ព្រមទាំងផ្នែកហិរញ្ញវត្ថុ សម្រាប់រយៈពេល២ឆ្នាំ គិតពីខែមករា ឆ្នាំ២០២១ រហូតដល់ខែធ្នូ ២០២២ សម្រាប់ចូលរួមជួយសាងសង់លំនៅឋានជូនក្រុមគ្រួសារគោលដៅ ។

លោក សុខ លូ បានសម្ដែងនូវសេចក្តីរីករាយ និងអបអរសាទរដល់បងប្អូន ប្រជាពលរដ្ឋទាំង៦១គ្រួសារ ដែលទទួលបាន ដីឡូតិ៍លំនៅឋាន និងដីឡូត៍មានសាងសង់លំនៅឋាន នៃគម្រោង ដី៦១ឡូតិ៍នេះ និងបានទៅតាំងទីលំនៅ នៅទីតាំងថ្មីបានរួចរាល់១០០% សម្រាប់គ្រួសារដែលទទួលបានដី និង ផ្ទះចំនួន៤២គ្រួសារ និងគ្រួសារទទួលបានដីមានចំនួន៥គ្រួសារបានសាងសង់លំនៅឋានរួចហើយក្នុងចំណោម ១៩គ្រួសារ តាមការរៀបចំរបស់រដ្ឋបាលខេត្ត ហើយក៏បានទទួលនូវបង្កាន់ដៃ និងកិច្ចសន្យាទទួលដីលំនៅឋាន រួចហើយនៅពេលនេះ ដើម្បីរក្សាទុកជាភស្តុតាងបញ្ជាក់អំពីសិទ្ធិស្របច្បាប់របស់បងប្អូន ។

ក្នុងនោះលោក បានធ្វើការកោតសរសើរ ក៏ដូចជាថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដោយមិនមានបញ្ហាអ្វីកើតឡើងនោះឡើយ ហើយការដោះស្រាយនេះគឺដើម្បីខេត្តយើងទាំងអស់ ក៏ដូចជាដើម្បីប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលបាននូវលំនៅឋានស្របច្បាប់ ដីស្របច្បាប់ ។

បន្ថែមពីនេះ លោក ក៏បានមថ្លែងអំណរគុណ ចំពោះអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ កម្ពុជា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានសហការ និងចូលរួមក្នុងដំណើការ “គម្រោង សុវត្ថិភាពដីធ្លី និងលំនៅឋាន ដ៏មានសារៈសំខាន់នេះឡើង។

លោកថ្លែងថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោយ ពីបានរៀបចំដីលំនៅឋានជូនដល់អ្នកទទួលផលចំនួន៦១គ្រួសាររួចមក នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ កាត់បន្ថយការតាំងទីលំនៅមិនរៀបរយ ដើម្បីឈានដល់ការលុបបំបាត់បញ្ហាសំណង់បណ្តោះអាសន្នក្នុងក្រុង របស់យើង បន្តិចម្តងៗ»។

លោក សុខ លូ ក៏បានធ្វើការអាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមធ្វើការទប់ស្កាត់ជាដាច់ខាត មិនឱ្យសំណង់អាណាធិបតេយ្យកើតឡើងថ្មី នៅតាមទីតាំងនានា ដែលជាដីកម្មសិទ្ធិរបស់រដ្ឋមានដូចជា ដីចំណី ស្ទឹង ប្រឡាយ វត្តអារាម ផ្លូវសាធារណៈ ។ល។ ព្រោះនេះគឺជាកាតព្វកិច្ចរបស់យើងក្នុងការលុបបំបាត់សំណង់អាណាធិបតេយ្យកើតមានឡើងពីមួយឆ្នាំទៅមួយឆ្នាំ បង្កឱ្យមានការលំបាកក្នុងការដោះស្រាយបន្តទៀត ៕ ដោយ៖ ពុទ្ធិពល