លោក ផៃ ស៊ីផាន ប្រើពេល៣ម៉ោង ពន្យល់ VOD ករណីផ្សាយព័ត៌មានខុសពីការពិត

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថា លោកបានប្រើពេលវេលា៣ម៉ោង ពន្យល់សារព័ត៌មាន VOD ពីរឿងផ្សាយព័ត៌មានបំភ្លៃខុសការពិត ជុំវិញថា លោក ហ៊ុន ម៉ាណែតចុះហត្ថលេខា ផ្ដល់ជំនួយទៅកាន់តួកគី ជំនួសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក ” របស់រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ផៃ ស៊ីផាន បានថ្លែងថា «នៅក្នុង VOD គឺខ្ញុំខ្លួនឯងផ្ទាល់ បានទៅសម្របសម្រួល បានទៅចំណាយពេល៣ម៉ោង ដើម្បីពន្យល់ប្រាប់គ្រប់បែបយ៉ាងតាំងពីរបបសារព័ត៌មាន តាំងពីច្បាប់សារព័ត៌មាន អំពីការជួសជុលការផ្សាយមិនត្រឹមត្រូវ ផ្សាយពង្វៀង ផ្សាយដាក់បន្ទុកមកលើខ្ញុំផ្ទាល់ គឺដែលចោទថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចុះហត្ថលេខា គឺខ្ញុំអត់មានបាននិយាយអីចឹងទេ ។ យើងខ្ញុំបានទៅសុំផ្ទាល់ ចំណាយពេល៣ម៉ោង ប្រកបដោយភាពទន់ភ្លន់ និងកិច្ចសហការ ថាសូមឲ្យធ្វើការកែសម្រួល កែតម្រូវ ឬក៏សុំទោស។ គឺគេអត់ធ្វើអីចឹងជាដាច់ខាត»។

សូមបញ្ជាក់ផងដែរថា ក្រសួងព័ត៌មាន បានចេញសេចក្ដីសម្រេច លុបអាជ្ញាបណ្ណវិទ្យុវីអូឌី ដោយសារអង្គភាពនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវសារព័ត៌មាន ធ្វើឲ្យប៉ះពាល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមកែសម្រួល តាមបទប្បញ្ញត្តិច្បាប់ ស្ដីពីរបបសារព័ត៌មាន។

សេចក្ដីសម្រេចរបស់ក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យលុបចោលអាជ្ញាបណ្ណវិទ្យុ VOD ចាប់ពីថ្ងៃទី១២ កុម្ភៈតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ នៅថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ជាកំហិត។

ជាមួយគ្នានោះ សម្ដេចតេជោក៏បានបញ្ជាក់ជំហរមិនផ្លាស់ប្តូរ ការសម្រេចចិត្តបិទចោលវិទ្យុវីអូឌី នោះឡើយ ទោះវិទ្យុនេះចេញលិខិតសុំទោស សម្ដេចទាំងកណ្ដាលអាធ្រាត្រថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ក៏ដោយ ៕ ដោយ៖ រិន ចំរើន