បណ្ឌិត គិន ភា៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់មកកម្ពុជានឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ដំណើរបំពេញទស្សនកិច្ចរបស់ លោក Frank-Walter Steinmeier ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកស្រី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកកម្ពុជានៅពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងប្រទេស ទាំងពីរ ឱ្យកាន់តែរឹងមាំងបន្ថែមទៀត ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន KHMER CM នៅថ្ងៃទី ១៤ ខែកុម្ភៈនេះ លោកបណ្ឌិត គិន ភា បញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសមួយ និងមួយប្រទេសមួយទៀត គេអាចវាស់វែងបានតាមរយៈការផ្លាស់ប្តូរនៃដំណើទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ។

លោកបន្តថា ដូច្នេះដំណើរទស្សនកិច្ចរបស់ប្រធានាធិតីអាល្លឺម៉ង់មកកម្ពុជានៅពេលនេះ វាក៏បានរំលេចឱ្យឃើញពីការអនុវត្តនូវគោលនយោបាយការទូត និងពិពិធកម្មការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានលទ្ធផលជោគជ័យ និងបង្ហាញថា ដើម្បីកុំឱ្យចេះតែមានការវាយតម្លៃកម្ពុជា ផ្កាប់មុខទៅរកប្រទេសណាមួយ ។

លោកបណ្ឌិតថ្លែងថា៖ «មែនទែនទៅ យើងមើលក្របខណ្ឌគោលនយោបាយ របស់កម្ពុជា គឺ យើងឃើញថា យើង ភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក ដោយគ្មានបានគិតរើសអើងទៅលើគោលនយោបាយទេ ដែលនេះ ជាចំណុចមួយដ៏សំខាន់»។

លោកបណ្ឌិតបញ្ជាក់ទៀតថា មូយវិញទៀត ប្រទេសអាល្លឺម៉ង់ ជាប្រទេសដែលមានទឹកមាត់ប្រៃនៅក្នុងសហភាពអឺរ៉ុប។ ដូច្នេះការធ្វើទស្សនកិច្ចនេះ ក៏ជាឱកាសសម្រាប់កម្ពុជា អាចផ្តល់នូវព័ត៌មានពេញលេញ និងគ្រប់ជ្រុងជ្រោយទាំងទិដ្ឋភាពនយោបាយផ្ទៃក្នុងកម្ពុជា ដំណើការប្រជាធិតេយ្យ សិទ្ធិមនុស្ស លំហរនយោបាយ ដើម្បីឱ្យប្រទេសនេះបានយល់អំពីស្ថានការជាក់ស្តែងជៀសវាង គ្រាន់តែទទួលរបាយការណ៍ពីសង្គមស៊ីវិល ឬអ្នកសារព័ត៌មានពីបច្ចឹមប្រទេស ដែលមាននិន្នាការអវិជ្ជាមានមកលើកម្ពុជាហើយធ្វើការវាយតម្លៃ ។

លោកបណ្ឌិត បន្ថែមថា តាមរយៈដំណើរទស្សនកិច្ចនេះ ក៏នឹងជួយជំរុញឱ្យមានពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានលក្ខណៈស៊ីជម្រៅទាំងទេសចរណ៍ ក៏ដូចជា ការយោគយល់គ្នាខាងផ្នែកនយោបាយ និងកិច្ចលសហប្រតិបត្តិការល្អជាមួយគ្នា និងគាំទ្រគ្នាលើកិច្ចការតំបន់ និងអន្តរជាតិ ។

បើតាមលោកបណ្ឌិត គិន ភា ក្នុងដំណើរទស្សនកិច្ចនេះផងដែរ ប្រទេសអាល្លឺមង់ក៏នឹងទទួលបានផលប្រយោជន៍ច្រើនផងដែរដោយក្នុងនោះប្រទេសនេះ ក៏បានពង្រីកឥទ្ធិពល និងតួនាទីរបស់ខ្លួននៅក្នុង តំបន់អាស៊ីអាគ្នេយ៍ក្នុងនាមជា ប្រទេសមហាអំណាចដែលលេចធ្លោរ នៅក្នុងតំបន់ និងពិភពលោក ក៏ដូជាប្រទេសដែលមានឥទ្ធិពលក្នុងការរួមចំណែកគូសវាសឱ្យមានសណ្តាប់ធ្នាប់ពិភពលោកផងដែរ ។

លោកបណ្ឌិតបញ្ជាក់បន្ថែមថា ជាមួយគ្នានេះ ប្រទេសអាល្លឺម៉ង់ ក៏មានយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនដែរ។ ដើម្បីអនុវត្ត ឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ប្រទសអាល្លឺម៉ង ត្រូវតែមានទំនាក់ទំនង់ជិតស្និទជាមួយបណ្តាបប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើង។

លោក Frank-Walter Steinmeier ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកស្រី Elke Badenbender ដែលជាភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់បានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមយន្តហោះពិសេស នាព្រឹកថ្ងៃទី១៤ កុម្ភៈនេះដើម្បី បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃ១៤-១៦ កុម្ភៈ ឆ្នាំ ២០១៣ ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យដឹងថា ការមកបំពេញទស្សនកិច្ចរបស់លោក ប្រធានធិបតីនេះ តបតាមការអញ្ជើញរបស់ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ឋសភា នៃកម្ពុជា។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី នឹងមានកិច្ចសន្ទនាផ្លូវការ ជាមួយ សម្តេច សាយ ឈុំ និង សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ដែលក្នុងឱកាសនោះ ទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាដែលមានផលប្រយោជន៍រួម នឹងត្រូវលើកយកមកពិភាក្សា។

លោក ប្រធានាធិបតី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្កែនម៉ៃយ័រ នឹងអញ្ជើញទៅទស្សនកិច្ច អង្គការ Halo Trust និងទស្សនាឧទ្យានជាតិអង្គរក្នុងខេត្តសៀមរាប ដែលមានគម្រោងឧបត្ថម្ភគាំទ ដោយអាល្លឺម៉ង់។ លោក ប្រធានាធិបតី ក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងរាជធានីភ្នំពេញ ផងដែរ។

ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនាពេលខាងមុខ របស់លោក ប្រធានាធិបតីអាល្លឺម៉ង់ មកកាន់កម្ពុជា នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងជាប្រពៃណី ក៏ ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែម ទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕ ដោយ៖ ពុទ្ធិពល