សម្តេច ហ៊ុន សែន មកដល់មាតុប្រទេសវិញហើយ ដោយនាំយកលទ្ធផលផ្លែផ្កាមកជាមួយ

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលម៉ោងជាង៣រសៀលថ្ងៃ១៤ កុម្ភៈនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់កម្ពុជាដោយសុវត្ថិភាពវិញហើយ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅឡាវ អស់រយៈពេល២ថ្ងៃ(១៣-១៤កុម្ភៈ) ដោយបានជួបថ្នាក់ដឹកនាំកំពូលៗរបស់ឡាវជាច្រើន ហើយបានលទ្ធផលយ៉ាងត្រចះត្រចង់លើកិច្ចការងារសំខាន់ៗមួយចំនួន ។

ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ឡាវលើកនេះ បានពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែរឹងមាំថែមទៀត។

អ្វីចាប់អារម្មណ៍នោះ សម្រាប់ដំណើរទស្សនកិច្ចនេះ សម្តេចស្នើឲ្យមានការបើកជើងហោះហើរត្រង់ពីវៀងច័ន្ទន៍មកភ្នំពេញ។ នាយករដ្ឋមន្រ្តីកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ក៏បង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ ដែលបានធ្វើការខណ្ឌសីមា និងបោះបង្គោលព្រំដែនបាន១២១ បង្គោល ស្មើនឹង ៨៦% នៃព្រំដែនរួម និងបានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ដោយឈរលើមូលដ្ឋានយោគយល់គ្នាទៅវិញទៅមក និងដោយសន្តិវិធី។

សម្តេចបានចាត់ទុកថ្ងៃនេះ “ជាថ្ងៃប្រវត្តិសាស្រ្តសំរាប់ប្រជាជាតិយើងទាំងពីរ”។

សម្តេចតេជោ ក៏បានអញ្ជើញចុះហត្ថលេខាជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងប្រទេសទាំង២ និងផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង សម្រាប់ឆ្នាំ២០២៣-២០២៧ និងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងឡាវ-កម្ពុជាផងដែរ៕ ដោយ៖ រិន ចំរើន