មតិចម្រុះ ៖ ប្រពន្ធដើម បញ្ចេញរូបអាសអាភាសប្រពន្ធចុងមិនគួរឲ្យកើតមាន

ភ្នំពេញ ៖ រឿងរ៉ាវក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដែលកើតចេញពីអំពើផិតក្បត់របស់ប្តីទៅលួចមានប្រពន្ធចុង ឬអាចហៅថា ជាសាហាយស្មន់ ហើយត្រូវបានស្រ្តីប្រពន្ធដើម តាមដានទាន់ជាន់កែងឈានដល់ការប្រើហិង្សាលើស្រ្តីជាប្រពន្ធចុង កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយសារទាំងរូបភាពនិងវិដេអូបង្ហាញពីស្រ្តីជាប្រពន្ធចុងមិនមានសំលៀកបំពាក់ជាប់ខ្លួននោះទេ គឺមានតែភួយរុំខ្លួនប៉ុណ្ណោះ។ តាមរយៈរូបភាពនិងវិដេអូទាំងនោះ ត្រូវបានគេដឹងថា ប្រពន្ធដើមជាបង្ហោះក្នុងហ្វេសប៊ុកលើអាខោនផ្ទាល់ខ្លួន ក្រោយនាំគ្នីគ្នាទៅប្រើវាយប្រពន្ធចុងរហូតដល់ចាប់ស្រាតខោអាវប្រពន្ធចុង។ ក្រោមរូបភាពនិងខ្លឹមសារមានន័យថា ដណ្តើមប្តីគេនោះ ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកដាក់បន្ទុកលើស្រ្តីជាប្រពន្ធចុងជាខ្លាំង ។

ចំពោះករណីដូចខាងលើនេះ ត្រូវបានអ្នកពាក់ព័ន្ធលើកជាមតិថា មិនគួរឲ្យកើតមានរូបភាពបែបនេះទេ ព្រោះបើដឹងថា មានរឿងបែបនេះ កើតឡើងគឺមានតែទៅរកផ្លូវច្បាប់ប៉ុណ្ណោះទើបមានដំណោះស្រាយ។

ក្រុមអ្នកជំនាញខាងផ្នែកការពារសិទ្ធិស្រ្តី និងផ្នែកសីលធម៌សង្គម បានលើកឡើងស្រដៀងគ្នាទាក់ទងទៅនឹងករណីស្រ្តីជាប្រពន្ធដើម ខឹងសម្បារប្រពន្ធចុងរហូតវាយទាត់ធាត់ ហើយបញ្ចេញរូបអាក្រាតនៅតាមបណ្តាញសង្គមជាសាធារណៈ ជាអំពើខុសឆ្គងមួយដែលមិនគួរឲ្យកើតមានឡើងនោះទេ ជាពិសេសធ្វើឲ្យខាងសីលធម៌ធ្លាក់ចុះ ។

លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានបង្ហាញក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃ១១ កុម្ភៈថា “ខ្ញុំមិនគាំទ្រទេប្តីធ្វើបាបចិត្តប្រពន្ធឬប្រើហិង្សា ប៉ុន្តែទង្វើរបស់ប្អូនស្រី និងមនុស្សមួយចំនួនដែលនាំគ្នាទៅប្រើអំពើហិង្សាលើស្រ្តីដែលជាដៃគូ វាយ ទាញបោចសក់រហូតលេចរូបរាងអាក្រាតរបស់ស្ត្រីដែលជាដៃគូររបស់ប្តីខ្លួន រិតតែមិនគាំទ្រ ។ រឿងប្តីធ្វើបាប និងមានស្រីគឺជារឿងដែលប៉ះពាល់ដល់ការរស់នៅនិងអារម្មណ៍ ផ្លូវចិត្តរបស់ប្រពន្ធដើមៗត្រូវដោះស្រាយជាមួយប្តីដោយសន្តិវិធី និងតាមផ្លូវច្បាប់” ។ ដល់ប្រពន្ធដើមនាំគ្នាទៅប្រើហិង្សាលើស្វាមី និងស្រ្តីរបស់គាត់ចឹង ប្រពន្ធដើមនិងបក្ខពួកបានក្លាយជាជនដៃដល់ដែលប្រព្រឹត្តផ្ទុយនឹងផ្លូវច្បាប់ ពិសេសថតបង្ហោះជាសាធារណៈទៀត រឹតតែធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរយ៉ាងខ្លាំង ។ រូបភាពអាក្រាតកាយនេះគឺជាស្ត្រីខ្មែរដែលគេនឹងស៊ែដល់ប្រទេសផ្សេងៗទៀតមើលបន្ត” ។

លោកស្រីថា មានរឿងអ្វីត្រូវនិយាយជាមួយប្តី នាំគ្នាប្រើហិង្សាបែបនេះមិនត្រឹមត្រូវឡើយ ហើយអ្នកដែលខមមិនឲ្យគេវាយប្រពន្ធចុងឬប្តី មិនមែនជាសារអប់រំទេ តែជាការញ៉ុះញ៉ុងឲ្យមានអំពើហិង្សាទៅវិញ ។

ចំណែក លោកបណ្ឌិត ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានឲ្យដឹងដែរថា “ករណីសាហាយស្មន់ ករណីផិតក្បត់ក៏ដូចគ្នាគេមានច្បាប់ ។ ច្បាប់ហ្នឹងក៏គេមិនអនុញ្ញាតឲ្យប្រើហិង្សាឬក៏បង្ហាញរូបអាក្រាត រូបអាសអាភាសអ្នកពាក់ព័ន្ធនៅតាមទីសាធារណៈទេ ។ កាលណាយើងធ្វើបែបហ្នឹង វាជាការខុសឆ្គង ទោះបីជាការវាក់អើ(ឃើញដោយអចេតនា) គាត់ចូលទៅឃើញក៏ដោយក៏អាចថតទុកជាភស្តុតាង តែមិនមែនយកទៅបង្ហាញជាសាធារណៈទេ ។ កាលណាធ្វើស្អីក៏ដោយខុសពីគោលការណ៍នីតិវិធីច្បាប់ ខុសពីគោលការណ៍សីលធម៌ ទោះបីយើងជាអ្នកត្រូវក៏ដោយ ក៏យើងនៅមានកំហុសដែរ”។

លោកថា ប្រពន្ធដើមជាអ្នកត្រូវហើយ គ្មានអ្វីខុសនោះទេដែលស្វាមីលួចផិតក្បតទៅមានស្រីខាងក្រៅ ប៉ុន្តែការណ៍ដែលខុសនោះ គឺការធ្វើសកម្មភាពជេរប្រទេចបណ្តាសារ និងធ្វើរូបភាពឲ្យខុសច្បាប់នោះ គឺខ្លួនឯងជាអ្នកខុសច្បាប់ហើយ។

សម្រាប់ប្រធានវិទ្យាស្ថានប្រធិបតេយ្យកម្ពុជាលោក ប៉ា ច័ន្ទរឿន បានហៅការបរិហារកេរ្តិ៍គ្នារវាងជម្លោះប្រពន្ធដើម និងប្រពន្ធចុងដោយសារប្តីលួចមានសាហាយស្មន់ លើបណ្តាញសង្គមបានឆ្លុះបញ្ចាំងពីផ្នែកសីលធម៌ក្នុងសង្គមធ្លាក់ចុះ។

លោកយល់ឃើញថា ផ្នែកសីលធម៌ហាក់នៅមានកម្រិតសម្រាប់មនុស្សមួយចំនួន ។លោកបន្តថា ករណីប្តីមានស្រីក្រៅ ហើយប្រពន្ធដើម ប្រពន្ធចុងទៅបរិហារគ្នានៅលើបណ្តាញសង្គម គឺជារូបភាពមួយឆ្លុះបង្ហាញឲ្យឃើញពីបញ្ហាអសីលធម៌ ហើយកម្រិតនៃសីលធម៌ក៏បានធ្លាក់ចុះទាបក្នុងសង្គមដែលប្រជាពលរដ្ឋមួយចំនួននាពេលសព្វថ្ងៃនេះ មិនសូវខ្វាយខ្វល់យកចិត្តទុកដាក់ សឹងតែលែងស្គាល់ខុសត្រូវអ្វីដែលហៅថាជាសេចក្តីថ្លៃថ្នូរ ។ អ្វីដែលមិនគួរធ្វើ ក៏ពួកគាត់ធ្វើដែរ ។

លោកថា ទាំងអស់នេះ ជាកត្តាគួរឲ្យព្រួយបារម្ភ ខណៈកម្ពុជាកំពុងមានការរីកចម្រើនខ្ពស់ខាងផ្នែកសេដ្ឋកិច្ច “តែផ្នែកសា្មរតី ផ្នែកសីលធម៌ក្នុងសង្គមយើងរាល់ថ្ងៃនេះ ដូចជាអត់ទាន់ងើបពីបាត់ដាលនៅឡើយទេដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែម ពីប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីលើកកម្ពស់ និងស្តារគុណតម្លៃផ្នែកសីលធម៌ក្នុងសង្គមយើងឡើងវិញ ទើបជាតិយើងមានភាពថ្លៃថ្នូរទៅបាន” ។

សូមបញ្ជាក់ថា ច្បាប់បានចែងថា បុរសដែលមានប្រពន្ធ ហើយទៅរួមភេទជាមួយស្រ្តីផ្សេង(អាពាហ៍ពិពាហ៍) ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ដល់ ១ឆ្នាំ។ ដោយឡែក ខណៈករណីអំពើហិង្សាដោយចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ឆ្នាំ ដល់៣ឆ្នាំ ប៉ុន្តែ បើអំពើហិង្សាង្សានេះ ប្រព្រឹត្តដោយមានមនុស្សច្រើន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់៥ឆ្នាំ៕
ដោយ៖ រិន ចំរើន