សម្ដេចតេជោ ៖ និស្សិតខ្មែរនៅឡាវ មិនត្រូវលង់ជឿតាមការបោកបញ្ឆោតពីជនអគតិ និយាយអាក្រក់ពីកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្តាំផ្ញើសារដល់ក្រុមនិស្សិតខ្មែរកំពុងសិក្សានៅប្រទេសឡាវថា កុំជឿតាមការបោកបញ្ឆោតពីជនអគតិមួយចំនួនដែលបំភ្លៃខុសការពិតពីការដឹកនាំ និងការរីកចំរើនរបស់កម្ពុជា។

ការផ្ញើសារនេះ នាឱកាសសម្តេចជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា កំពុងសិក្សានៅឡាវ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសសម្តេចបំពេញទស្សនកិច្ចនៅឡាវ។

សម្តេតេជោបានផ្តាំផ្ញើដល់និស្សិតទាំងអស់សិក្សានៅក្រៅប្រទេស តួយ៉ាងដូចជានិស្សិតកំពុងសិក្សានៅឡាវ ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានគត់មុតបំផុត ដើម្បីនាំយកចំណេះដឹងទាំងនោះ មកបម្រើប្រទេសជាតិជាទីស្រឡាញ់ឲ្យអស់ពីសមត្ថភាព។

សម្តេចតេជោបញ្ជាក់ថា «ក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវចេះតាមដានពីសភាពការណ៍វិវត្តន៍របស់ពិភពលោក និងសភាពការណ៍ក្នុងប្រទេស ពិសេសត្រូវតាមដាននិងស្តាប់ពីអ្វីដែលរីកចំរើនពិតប្រាកដ កុំជឿតាមការបោកបញ្ឆោតពីជនអគតិមួយចំនួន ដែលបំភ្លៃការពិតពីការដឹកនាំ និងការរីកចំរើនរបស់ ប្រទេសកម្ពុជា»។

មិនមែនជារឿងថ្មី និងចំឡែកទេដែលក្រុមប្រឆាំងនៅក្រៅប្រទេសមិនពេញចិត្តចំពោះការដឹកនាំប្រទេសរបស់សម្តេចតេជោ ព្រោះពួកគេតែងតែលើកឡើងពីកម្ពុជាមិនរីកចំរើន ៕
ដោយ៖ រិន ចំរើន