លោកស្រី ជូ ប៊ុនអេង ក្រើនរំលឹកហានិភ័យ ការឆបោកកុមារ និងយុវវ័យ តាមប្រព័ន្ធអ៊ីនធឺណិត

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានក្រើនរំលឹកឲ្យមានការប្រុងប្រយ័ត្នចំពោះហានិភ័យលើកុមា និងយុវវ័យ តាមរយៈប្រព័ន្ធអ៊ីនធឺណិត ជាពិសេសតាមបណ្តាញសង្គមហ្វេសប៊ុកតែម្តង។

ក្នុងយុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិត «តោះ! នាំគ្នានិយាយអំពីការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពសម្រាប់កុមារ» នៅថ្ងៃ១៣ កុម្ភៈ លោកស្រី ជូ ប៊ុនអេង បានថ្លែងថា នាពេលបច្ចុប្បន្ន ប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា បាននិងកំពុងរីកចម្រើនឥតឈប់ឈរដែលផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងការជំរុញ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប៉ុន្តែទោះជាយ៉ាងនេះក្តី ជនខិលខូច ក៏បានឆ្លៀតឱកាសយកប្រព័ន្ធអ៊ីនធឺណិតនេះសម្រាប់បោកប្រាស់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។

លោកស្រីបញ្ជាក់ថា «សូមរំលឹកឲ្យកុមារា កុមារី ត្រូវប្រុងប្រយ័ត្នចំពោះប្រព័ន្ធអ៊ីនធឺណិតនេះ កុំលង់លក់នឹងការឆាតលួងលោមតាមហ្វេសប៊ុក ឬតាមបណ្តាញផ្សេងៗរបស់បុគ្គលមួយចំនួន។ ករណីខ្លះ គឺជាការឆបោក និងបញ្ឆោតឲ្យប្រព្រឹត្តនូវបទល្មើសផ្សេងៗ ដែលសង្គមស្អប់ខ្ពើម»។

លោកស្រីរដ្ឋលេខាធិការ បានលើកឡើងថា បច្ចុប្បន្ន កម្ពុជា ត្រូវបានជនខិលខូចយកធ្វើជាជម្រក សម្រាប់ធ្វើការជួញដូរមនុស្ស និងឆបោកមនុស្សតាមប្រព័ន្ធអ៊ីនធឺណិតនេះ ប៉ុន្តែជនរងគ្រោះមិនមែនជាខ្មែរនោះទេ គឺសុទ្ធតែជនបរទេសដែលត្រូវបានជនបរទេសដូចគ្នាធ្វើការបោកបញ្ឆោត។

នាឱកាសនោះ លោក សំលៀង សីលា នាយកប្រតិបត្តិនៃអង្គការសម្មភាពដើម្បីកុមារ (APLE) បានឲ្យដឹងដែរថា នាពេលបច្ចុប្បន្ន ពិភពលោក មានកុមារជាច្រើន កំពុងត្រូវបានរងគ្រោះ តាមរយៈប្រព័ន្ធអ៊ីនធឺណិត។ នៅក្នុងចន្លោះឆ្នាំ២០១៧និងឆ្នាំ២០១៩ រូបភាពអាសអាភាសកុមារលើអ៊ីនធឺណិត ត្រូវបានកើនឡើងទ្វេដង ហើយបន្តកើនឡើងយ៉ាងគំហុកនៅពេលពិភពលោក មានការរីករាលដាលជំងឺកូវីដ-១៩៕ ដោយ៖ រិន ចំរើន