គណបក្សភ្លើងទៀន ចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយ ចំពោះការបិទ VOD

ភ្នំពេញ៖ គណបក្ស ភ្លើងទៀន ចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បី ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

គណបក្សភ្លើងទៀនបញ្ជាកថា ការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលជាប្រព័ន្ធផ្តល់ព័ត៌មានពិត និងឯករាជ្យ ប្រកបដោយវិជ្ជាជីវៈ គឺជាទង្វើរំលោភបំពានរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្ដីពីរបប សារព័ត៌មាន

គណបក្សនេះបន្តថា ចំពោះការផ្សាយព័ត៌មានខុសការពិត ដែលធ្វើឲ្យខូចខាតដល់កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័នណាមួយ បុគ្គល ឬស្ថាប័ននោះ មានសិទ្ធិឆ្លើយតប ឬទាមទារឲ្យ សារព័ត៌មាននោះ ធ្វើការកែតម្រូវ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

គណបក្ស ភ្លើងទៀន ស្នើសុំរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងព័ត៌មាន ពិនិត្យ ពិចារណា ក្នុងការអនុញ្ញាតឲ្យវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) បានដំណើការផ្សព្វផ្សាយព័ត៌មាន ឡើងវិញ ដើម្បីបង្ហាញអំពីលំហនៃសេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយ ដែលធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕​ ដោយ៖ ពុទ្ធិពល