អតីតមន្ត្រីសូរិយោដីស្រុកសំរោងទងម្នាក់អះអាងថា ការលុបឈ្មោះខ្លួនចេញពីក្របខណ្ឌមន្ត្រីរាជការគឺជារឿងអយុត្តិធម៌

កំពង់ស្ពឺ ៖ អតីតមន្ត្រីសុរិយោដីស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺម្នាក់ លោក ឡុង សុភាពអះអាងថា ការលុបឈ្មោះខ្លួនចេញពីក្របខណ្ឌមន្ត្រីរាជការគឺជារឿងអយុត្តិធម៌ ខណៈដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏មិនបានដឹងពីករណីនេះដែរ។

លោកសរសេរថា គ្រប់ការងារទាំងអស់ដែលរដ្ឋបាលថ្នាក់ក្រោមជាតិបានកំពុងធ្វើ និងបានសម្រេច មិនមែនសុទ្ធតែសម្តេចតេជោនាយករដ្ឋមន្ត្រីបានដឹង និងឯកភាពទាំងអស់នោះឡើយ ។

លោកបន្តថា ករណីលុបឈ្មោះលោកចេញពីក្របខណ្ឌមន្ត្រីរាជការចេញដីការ សម្រេចដោយលោកអភិបាលស្រុកសំរោងទង និងមានការឯកភាពយល់ស្របពីឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ គឺជារឿងអយុត្តិធម៌សម្រាប់រូបលោក ជាមន្ត្រីម្នាក់តែងតែគោរព ស្រឡាញ់ បម្រើផលប្រយោជន៍របស់ប្រជាជន ។

លោកបន្ថែមថា ដូចនេះហើយគ្មានហេតុផលណាដែលខ្ញុំស្អប់ ឬមិនពេញចិត្ត ការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំស្ថាប័នជាតិណាមួយឡើយ ។ ខ្ញុំនិងក្រុមគ្រួសារនៅតែចូលរួមការពារសន្តិភាព ការពាររាល់សមិទ្ធិផល ដែលសម្រេចបានតាំងពីថ្ងៃ៧មករា១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយនឹងបន្តបោះឆ្នោតជូនសម្តេចធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

លោកថ្លែងថា៖ «មានថ្ងៃ៧មករា១៩៧៩ ទើបមានជីដូនជីតាខ្ញុំ មានឪពុកម្តាយខ្ញុំ ទើបមានខ្ញុំ មានកូនៗរបស់ខ្ញុំនៅថ្ងៃនេះ។ ករណីលុបឈ្មោះខ្ញុំចេញពីក្របខណ្ឌមន្ត្រីរាជកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយខ្ញុំមិនបានដឹង ហើយនៅបំពេញ ការងារជាធម្មតារហូតមានការបែកធ្លាយដីការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ទើបខ្ញុំបានដឹងពីការលុបឈ្មោះខ្ញុំចេញពីក្របខណ្ឌ »។

បើតាមអតីតមន្ត្រីសូរិយោដីខាងលើ រហូតមកដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ រូបលោក បានដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍ ថ្នាក់ដឹកនាំក្រសួងចំនួន០៣ គឺមាន ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៕ ដោយ៖ ពុទ្ធិពល