បាត់ដំបង ៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៧និង៣០នាទីព្រឹក នៅចំណុចវត្តពោធិ ស្ថិតនៅក្នុងក្រុមទី១១ ភូមិពោធិ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ខាងកើតព្រះវិហារចំងាយប្រហែល ១៥ម៉ែត្រ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ខាត់ សុខុន ភេទប្រុស អាយុ៧៦ឆ្នាំ រស់នៅភូមិពោធិ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រទះឃើញអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគារ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី។
ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញប្រភេទគ្រាប់ម៉ាក ដេហាសចុច ចំនួន ០១គ្រាប់ និងបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកំទេចចោល។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកមោងឫស្សីបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗ បើប្រទះឃើញត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ចៀសវាងការកើតមានគ្រោះថ្នាក់ជាយថាហេតុ ៕ ដោយ៖ ពុទ្ធិពល