រដ្ឋមន្ត្រីការងារស្នើដល់សមាគមជប៉ុន-កម្ពុជា បណ្តុះបណ្តាលធនធានមនុស្សកម្ពុជាឱ្យសម្រេចបាន៥ម៉ឺននាក់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ស្នើដល់សមាគមជប៉ុន-កម្ពុជា(JCA) ធ្វើការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវចំនួន៥ម៉ឺននាក់ នាពេលដ៏ខ្លីខាងមុខនេះ។

ការស្នើរបស់លោក អ៊ិត សំហេង នេះ ធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារមួយជាមួយ លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា(JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។

លោករដ្ឋមន្ត្រីបន្តថា លោក ចង់ឃើញកម្មសិក្សាការីកម្ពុជាបានទៅធ្វើការនៅប្រទេសជប៉ុន ឱ្យបាន៥ម៉ឺននាក់ ខណៈបច្ចុប្បន្ន កម្មសិក្សាការីកម្ពុជាបានចេញទៅធ្វើការនៅជប៉ុនបានត្រឹមប្រមាណ២ម៉ឺននាក់ប៉ុណ្ណោះ។

លោក អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះលោកTakahashi Fumiaki ដែលជាមិត្តដ៏ល្អមួយរូបរបស់កម្ពុជា និងជាអ្នកការទូតដ៏មានសមត្ថភាពរបស់ប្រទេសជប៉ុន ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយផ្លែផ្កា។ បើទោះបីជាលោក Fumiaki បានបញ្ចប់បេសកម្មការទូតនៅកម្ពុជាក្តី តែរូបលោកនៅតែបន្តទំនាក់ទំនងដ៏ល្អជាមួយកម្ពុជា។

បើតាម លោក អ៊ិត សំហេង រដ្ឋាភិបាលប្រទេសទាំងពីរ បានបង្កើនកិច្ចសហប្រតិបត្តិការដល់កម្រិត ដៃគូរជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ មួយវិញទៀតលំហូរ ពាណិជ្ជករជប៉ុនបានចូលមកកម្ពុជាកាន់តែច្រើន វិនិយោគលើគ្រប់វិស័យ បានផ្តល់ឱកាសការងារជូនដល់ពលរដ្ឋកម្ពុជាបានយ៉ាងច្រើន នេះជាការបង្ហាញពីសក្តានុពល និងភាពទាក់ទងរបស់កម្ពុជា។

លោកបញ្ជាក់ទៀតថា ការមើលឃើញពីវត្តមានរបស់អ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាច្រើន ជាការជំរុញទាក់ទាញអ្នកវិនិយោគប្រទេសដទៃផ្សេងទៀតមកកាន់កម្ពុជាក៏កាន់តែច្រើនបន្ថែមទៀត ផងដែរ។

ឆ្លើយតបទៅនឹងសំណើរនេះ លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា(JCA) ថ្លែងថា លោក Fumiaki រួមនឹងសមាជិករបស់សមាគម នឹងប្រឹងប្រែងធ្វើយ៉ាងណាជួយមកកម្ពុជាលើជំនាញដ៏ចំាបាច់ ដែលកំពុងមានតម្រូវការសម្រាប់ទៅធ្វើការនៅជប៉ុន។

លោកបន្តថា ជាមួយនឹងនេះ ដោយសង្កេតឃើញថា រថយន្តដែលផលិតនៅប្រទេសជប៉ុនបានចរាចរណ៍នៅកម្ពុជាមានចំនួនកាន់តែច្រើន ដែលជាឱកាសមួយសម្រាប់ឱ្យខាងជប៉ុនផ្តល់ការបណ្តុះបណ្តាលលើជំនាញថែទាំ និងជួសជុលរថយន្តនេះ ទៅដល់យុវជនកម្ពុជាឱ្យកាន់តែមានសមត្ថភាព រួមនឹងផ្តល់ការបណ្តុះបណ្តាលជំនាញកែសម្ជស្ស ដែលជាជំនាញមួយកំពុងតែពេញនិយម ដែលអាចផ្តល់ចំណូលបានប្រសើរ បើយុវជន យុវតីរបស់កម្ពុជា ចាប់យកអាជីពខាងកែសម្ជស្សនេះបានស្ទាត់ជំនាញ៕ ដោយ៖ ពុទ្ធិពល