UN សង្កេតឃើញពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈល្អប្រសើរ

ភ្នំពេញ ៖ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UN Resident Coordinator Cambodia) បានសង្កេតឃើញថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជា នាពេលបច្ចុប្បន្នមានលក្ខណៈកាន់តែល្អប្រសើរឡើង។

លោក Joseph scheuer បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ឱកាសនោះលោក Joseph scheuer បានកោតសរសើរ និងថ្លែងអំណរគុណដល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាតែងតែសហការជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំកម្ពុជា និងថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាយល់ព្រមឲ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបន្តអាណត្តិ ដើម្បីបន្តបំពេញបេសកកម្មជួយរាជរដ្ឋាភិបាលទៀត។

ដោយសារមកពីកត្តាទាំងអស់នេះ ទើបអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លើកសរសើរកម្ពុជាថា «ការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានលក្ខណៈកាន់តែល្អប្រសើរច្រើន ហើយក៏បានជម្រាបជូននូវគម្រោងនានាក្នុងការរៀបចំកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំបន្តបន្ទាប់នាពេលអនាគតផងដែរ»។

លោក កែវ រ៉េមី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងវិស័យសិទ្ធិមនុស្ស រវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏ដូចជាការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នាពេលកន្លងទៅ។

ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ កម្ពុជាមានលិខិតបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិជាបន្តបន្ទាប់។ តាមមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញដែលបានបញ្ជូលដោយផ្ទាល់នូវលិខិតូបករណ៍សិទ្ធិមនុស្សបានចែងថា កម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ៕
ដោយ៖ រិន ចំរើន