សម្តេច ស ខេង ៖ ជប៉ុននឹងបន្តគាំទ្រលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi ) ឯកអគ្គរាជទូតជប៉ុនថ្មី នាថ្ងៃ៦ កុម្ភៈ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញក្តីសង្ឃឹមថា ភាគីជប៉ុននឹងបន្តគាំទ្រលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

សម្តេចបន្តថា ជប៉ុនបានជួយគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ លើកដំបូងរបស់កម្ពុជា កាលពីឆ្នាំ២០២២ ដែលនៅពេលនោះ ជាការចាប់ផ្ដើមដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការផ្ទេរអំណាចទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ។ ដោយសម្ដេចក៏សង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលជប៉ុននឹងនៅតែបន្តគាំទ្រដល់កិច្ចការទាំងនេះ ជាពិសេសទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានឈានចូលដល់ដំណាក់កាលនៃការអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី២។

ទន្ទឹមនឹងនេះ សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏សង្ឃឹមថា ជប៉ុននៅតែបន្តគាំទ្រទៅលើការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យរដ្ឋបាលថ្នាក់ក្រោមជាតិ។

សូមបញ្ជាក់ថា វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានគេមើលឃើញថាជា កំណែទម្រង់ “ចេញពីឆន្ទះ”ដែលរាជរដ្ឋាភិបាលធ្វើការផ្ទេរអំណាច ជាដំណាក់ៗ ទាំងអំណាចហិរញ្ញវត្ថុ ឬអំណាចរដ្ឋបាលទៅឲ្យរដ្ឋបាលមូលដ្ឋានដើម្បីគ្រប់គ្រងកិច្ចការក្នុងតំបន់របស់គេ។ កំណែទម្រង់តាមបែបប្រជាធិបតេយ្យនេះ បានចាប់ផ្តើមឡើងពីរដ្ឋបាលដែនដីថ្នាក់ទាបបំផុតឃុំ-សង្កាត់ ទៅរដ្ឋបាលដែនដីខ្ពស់បំផុត រាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ។ វឌ្ឍនភាពនៃកំណែទម្រង់នេះ ត្រូវបានគូសបញ្ជាក់ជាមួយនឹងការបង្កើតគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅឆ្នាំ២០០៨។

បើទោះជាមានវឌ្ឍភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គួរជាទីកត់សម្គាល់យ៉ាងណា សេចក្តីព្រួយបារម្ភនៅតែមាន ព្រោះការចូលរួមតិចតួចពីប្រជាជន កង្វះសមត្ថភាពរដ្ឋបាល សមត្ថភាពយែនឌ័រមានកំរិត ហិរញ្ញវត្ថុមិនគ្រប់គ្រាន់ និងអវត្តមាននៃពហុភាព នៅតាមភូមិ ។ ទាំងអស់នេះជាអ្វីដែលអ្នកសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាល គិតថាអាចធ្វើឲ្យប៉ះពាល់ដល់ផ្លែផ្កាពេញលេញនៃកំណែទម្រង់នេះនៅកម្ពុជា៕ ដោយ៖ រិន ចំរើន