សៀមរាប៖ ក្នុងចំណោមស្ថាប័នអន្តរជាតិជាច្រើនបានចូលមករួមចំណែកលើការងារជួសជុលអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះក៏មានស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ បានខិតខំរួមចំណែកក្នុងការងារជួយបណ្តុះបណ្តាលធនធានមនុស្សរបស់ប្រទេសកម្ពុជា លើជំនាញព្យាបាល និងអភិរក្សថ្ម អស់ជាច្រើនឆ្នាំមកហើយដែរ។
បើតាមអាជ្ញាធរជាតិអប្សរា ការខិតខំប្រឹងប្រែងលើវិស័យបេតិកភណ្ឌនេះ ក្នុងគោលបំណងបង្កើនអ្នកជំនាញជំនាន់ថ្មី ពង្រឹងលើសមត្ថភាពឱ្យកាន់តែល្អប្រសើរ ដើម្បីបន្តធ្វើការងារអភិរក្សប្រាសាទបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយស្នាដៃកូនខ្មែរខ្លួនឯងផ្ទាល់។
លោក Christoph BUECKER អ្នកជំនាញអភិរក្សថ្មមកពីស្ថាប័ន GIZ បានឱ្យដឹងថា វត្តមានរបស់ស្ថាប័ន GIZនៅតំបន់អង្គរ គឺដើម្បីបង្ហាត់បង្រៀនអ្នកជំនាញខ្មែរ ដែលកំពុងបំរើការនៅក្នុងអាជ្ញាធរជាតិអប្សរា ឱ្យចេះជំនាញសង្កេតថ្ម ជួយជំរុញបន្ថែមទៀតនូវជំនាញអភិរក្សថ្ម ការមើលចម្លាក់ថ្ម និងការព្យាបាលចម្លាក់ថ្មនៅតាមប្រាសាទបុរាណនានា។
លោក Christoph BUECKER បញ្ជាក់ថា ចាប់តាំងតែពីឆ្នាំ២០០៧មក ស្ថាប័ន GIZ បានជួយបណ្តុះបណ្តាលមនុស្សខ្មែរជាច្រើនក្នុងជំនាញផ្នែកអភិរក្សថ្ម ហើយការបណ្តុះបណ្តាលនេះបានបែងចែកជាវគ្គៗ រយៈពេលបីឆ្នាំម្តង។ បច្ចុប្បន្ននេះ ស្ថាប័នGIZ ក៏មានគម្រោងជាច្រើនទៀត សម្រាប់បណ្តុះបណ្តាលធនធានមនុស្សខ្មែរ។ គម្រោងទាំងនោះ គឺបានប្រើប្រាស់ថវិការបស់ស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ទាំងស្រុង សម្រាប់ផ្គត់ផ្គង់ទាំងសម្ភារ ទ្រីស្តី និងបច្ចេកទេសមួយចំនួន ដែលត្រូវនាំយកពីក្រៅប្រទេស នៅពេលបើកវគ្គបង្រៀនម្ដងៗនោះ។
លោកបន្តថា ស្ថាប័ន GIZ ក៏បានជួយឧបត្ថម្ភសម្ភារមួយចំនួនទៀតដល់ផ្នែកពិសោធន៍ ដោយមានម៉ាស៊ីនពិសោធន៍ដែលអាចធ្វើតេស្តទៅលើថ្មមួយចំនួន ព្រមទាំងអាចជួយបន្សាបជាតិអំបិលនៅលើថ្ម និងពីរបៀបថាតើត្រូវដកយកជាតិអំបិលចេញ ពីថ្មដោយរបៀបណាទៀតផង។
លោក Christoph BUECKER បានសង្គត់ធ្ងន់ថា តាមរយៈការបណ្ដុះបណ្ដាលអ្នកជំនាញអភិរក្ស និងព្យាបាលថ្មនៅក្នុងតំបន់រមណីយដ្ឋានអង្គរ សព្វថ្ងៃនេះ ធនធានមនុស្សខ្មែរជំនាន់ថ្មីមានចំនួនកើនឡើង មានសមត្ថភាពបំពេញការងារនៅតាមការដ្ឋានជួសជុលប្រាសាទដោយខ្លួនឯង ដោយពុំចាំបាច់មានអ្នកជំនាញបរទេសទាំងស្រុងដូចកាលពីមុនទៀតហើយ។ លើសពីនោះ សិក្ខាកាមទាំងអស់ ហាក់មានចិត្តស្រលាញ់កេរមរតកដូនតាខ្លួនផង បានខិតខំយកចិត្តទុករៀនសូត្ររហូតក្លាយខ្លួនជាអ្នកជំនាញ ប្រែខ្លួនពីមនុស្សម្នាក់ដែលចេះសង្កេត តាមដានថ្ម និងបន្តថែរក្សាសម្បត្តិបេតិកភណ្ឌរបស់ខ្លួនទៀតផង៕
ប្រភព៖អាជ្ញាធរជាតិអប្សរា