ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បើសិន គម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត លេចចេញជារូបរាងហើយនោះ នឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ព្រមទាំងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍។
ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូ សាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ (SMBC) ដឹកនាំដោយលោក Rajeev Kannan នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក ចូលជួបសម្ដែងការគួរសម នាថ្ងៃទី៣០ មករា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡីងពីគម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។
លោកថា «គម្រោងនេះត្រូវបានសិក្សាលម្អិតរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែលមិនមានអ្វីជាការប៉ះពាល់ឡើយ ។ បើសិនជាយើងរកបានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យលេចចេញជារូបរាងនោះ វានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍នេះ ផងដែរ»។
នាឱកាសនោះ លោក Rajeev Kannan បានតបថា SMBC កំពុងស្វែករកឱកាស ក្នុងការវិនិយោគ លើគម្រោងថ្មីៗរបស់ក្រសួងសាធារណការ ជាពិសេស ក្នុងវិស័យភស្តុភារកម្ម និងវិស័យកំពង់ផែ។ ជាងនេះទៅទៀតមានគម្រោងធំៗចំនួន២ ដែល SMBC ផ្ដោតការចាប់អារម្មណ៍ជាខ្លាំងក្នុងការផ្តល់ហិរញ្ញប្បទាន រួមមាន៖ គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត និងគម្រោងការអភិវឌ្ឍផែនការមេភស្តុភារកម្ម ដែលក្នុងផែនការមេនេះមានគម្រោងជាង ៣៣២គម្រោង ជាមួយនឹងទឹកប្រាក់ជាង ៤៨ពាន់លាន ដុល្លារ៕ ដោយ៖ រិន ចំរើន