ឆ្នាំ២០២២ ទទួលប្រាក់ជាង១២ពាន់លានរៀល ពីការពិន័យយានយន្តល្មើសច្បាប់

ភ្នំពេញ ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានឱ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២២ សមត្ថកិច្ចបានរកឃើញយាន យន្ដល្មើសច្បាប់ចំនួន ១៤២.៨១៧ គ្រឿង ដោយទទួល បានទឹកប្រាក់ចំនួន ១២.៤៥៤.៥១៥.០០០រៀល។

ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ លោកស្រី មឹន មាណវី បានថ្លែងថា ប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាម ប្រចាំឆ្នាំ២០២២ ទទួលបានលទ្ធផលដូចជា ត្រួតពិនិត្យយានយន្តសរុបចំនួន ១.១២១.១៣៦គ្រឿង ក្នុងនោះ ម៉ូតូចំនួន ៧៤%, បានរកឃើញយានយន្ដល្មើសនិងពិន័យចំនួន ១៤២.៨១៧ គ្រឿង (១៤៣.០៥១ ករណី)។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីថា ចំពោះដំណើរការសាកល្បងធ្វើការពិន័យ និងដកពិន្ទុបណ្ណបើកបរ ដោយឧបករណ៍បច្ចេកទេស ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សរុប ៨.៥១៣នាក់ (ស្រី ៤៨៩នាក់) ក្នុងនោះ រថយន្តធុនស្រាលចំនួន ៧.៤៧៧គ្រឿង ល្មើស ៧.៥៧៩ករណី ដកពិន្ទុ១០.១៦២ពិន្ទុ។

ដោយឡែក រថយន្តធុនធ្ងន់ចំនួន១.០៣៦គ្រឿង ល្មើស១.១៤៦ករណី ដកពិន្ទុ៦៦៥ពិន្ទុ។ ខណៈការត្រួតពិនិត្យអ្នកជិះម៉ូតូល្មើសសរុប ១១៥,៨០១គ្រឿង (១១៥៨០១ករណី) ក្នុងនោះមិនពាក់ មួកសុវត្ថិភាព បានធ្វើការឃាត់បង្ខំឱ្យរកមួកមកពាក់ និងពិន័យចំនួន ៩៤% នៃចំនួនករណីល្មើសសរុបរបស់អ្នកជិះម៉ូតូ៕ ដោយ៖ រិន ចំរើន