ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់លើ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រសិនបើមិនបានផ្តល់របាយការណ៍សកម្មភាព និងហិរញ្ញវត្ថុឆ្នាំ២០២២ ដល់ក្រសួងឱ្យបានមុនដំណាច់ខែកុម្ភៈ ខាងមុខនេះទេនោះ។
យោងតាមលិខិតរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើទៅលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានគូសបញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដឹកនាំក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់លើទ្រូងផ្លូវសាធារណៈក្បែរទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបានធ្វើការដង្ហែរក្បួនដោយថ្មើរជើង ដើម្បីទៅដាក់ញត្តិនៅសាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាសកម្មភាពបំពាននឹងស្មារតី នៃកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដូចបញ្ជាក់ក្នុងកំណត់ហេតុកិច្ចប្រជុំចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ និងកំណត់ហេតុកិច្ចប្រជុំ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។
សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់បន្ថែមថា៖ «សមាគមត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារ និងផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជូនមកក្រសួងមហាផ្ទៃ ឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។ ក្នុងករណីសមាគមមិនអនុវត្តតាមស្មារតីនៃលិខិតនេះ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»៕ ដោយ៖ ពុទ្ធិពល