ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សុន ចាន់ថុល ថ្លែងថា លោក កំពុងសំឡឹកមើលប្រភពហិរញ្ញប្បទានពីសហគមន៍អឺរ៉ុប ដើម្បីយកមកសាងសង វិស័យដឹកជញ្ជូនសាធារណៈក្នុងទីក្រុងភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ពីសំណាក់ លោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃចក្រភពអង់គ្លេស ប្រចាំក្រកម្ពុជា នៅថ្ងៃទី ២៦ ខែមករា នេះ លោក ស៊ុន ចាន់ថុលលើកឡើង អំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននានា ដែលក្រសួងបាន និងកំពុងប្រឹងប្រែងធ្វើការអភិវឌ្ឍ ជាពិសេសលើវិស័យដឹកជញ្ជូនសាធារណៈក្នុងទីក្រុង ដែលក្រសួងធ្លាប់បានសិក្សាសមិទ្ធិលទ្ធភាពពីមុនមក។
លោកបន្តថា គម្រោងទាំងនោះរួមមាន៖ ការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
លោកបន្ថែមថា ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងដែលបានរៀបរាប់ខាងលើ បានបង្ហាញឱ្យឃើញថាដើម្បីអភិវឌ្ឍគម្រោងទាំងនេះបាន គឺត្រូវការថវិកាក្នុងទំហំមួយយ៉ាងធំ ដែលពិតជាត្រូវការជំនួយហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន ហើយកម្ពុជាក៏កំពុងតែក្រឡេកមើលលើប្រភពហិរញ្ញប្បទានផ្សេងៗ រួមទាំង EU Global Gateway ផងដែរ។
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការសិក្សាគម្រោងនេះ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិ ឱ្យកាន់តែរីកចម្រើន ជាពិសេសគឺតាមបណ្តាខេត្ត និងក្រុងនានាដែលស្ថិតនៅតាមបណ្តោយផ្លូវ។
លោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃចក្រភពអង់គ្លេស ប្រចាំក្រកម្ពុជាក៏បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់ ចំពោះគម្រោងនានាដែល លោកទេសរដ្ឋមន្ត្រី បានលើកយកមកជម្រាសសសបជូន ហើយក៏បានអញ្ជើញ ថ្នាក់ដឹកនាំក្រសួង ដើម្បីចូលរួមក្នុងកម្មវិធី ពិភាក្សាពិគ្រោះយោបល់អំពីគម្រោងអភិវឌ្ឍន៍មួយចំនួន ជាពិសេសលើគម្រោងសិក្សាប្រព័ន្ធដឹកជញ្ជូនសាធារណៈMRT ក្នុងរាជធានីភ្នំពេញ ព្រមទាំងសិក្ខាសាលាអំពី “ការកៀរគរវិស័យឯកជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា” (Mobilizing Private Sector for Sustainable Development in Cambodia) ដែលស្ថានទូតនៃចក្រភពអង់គ្លេស គ្រោងនឹងរៀបចំនាថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២៣ខាងមុខ៕ ដោយ៖ពុទ្ធិពល