ថ្ងៃដំបូងនៃពិធីសែនចូលឆ្នាំចិន! លោកបណ្ឌិត សុខ ទូច បញ្ចេញទស្សនៈដូចនេះ

ភ្នំពេញ៖ នៅថ្ងៃទី២១ មករានេះ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញទស្សនៈយល់ឃើញរបស់លោកពាក់ព័ន្ធនៃការសែនចូលឆ្នាំចិន ខណៈដែលប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលជាអ្នកជាប់ខ្សែស្រឡាយចិន ឬអ្នកខ្លះមិនជាប់ក៏ដោយចុះក៏នាំគ្នាធ្វើដែរ ដោយអ្នកទាំងនោះយល់ឃើញថា ការធ្វើបែបនេះគឺដើម្បីសុំសេចក្តីសុខ និងរកស៊ីទទួលទានមានបានដូចបងប្អូនដែលជាប់ខ្សែស្រឡាយចិនដែលតែងតែប្រារព្ធពិធីបែបនេះជារៀងរាល់ឆ្នាំ។

សម្រាប់លោកបណ្ឌិត សុខ ទូច លោកមានការយល់ឃើញដូចនេះថា «នៅពេលនេះទាំងខ្មែរទាំងចិនសែនស្ទើរតែគ្រប់ផ្ទះ ការធ្វើបែបនេះគេយល់ឃើញថាមានបាន តែមិនបានមើលគេ៖
១- គេខំរកសុី ដោយគ្មានទំនេរ តែយើងទំនេរច្រើន,២- គេដាំគ្មានសល់ដី ដាំដំណាំឆ្លាស់គ្នា យើងដីនៅសល់ធ្វើស្រែតែមួយរដូវ ហើយជួលគេទៀតតើអាចមានទេ?
៣- គេចូលចិត្តធ្វើជាម្ចាស់(ថៅកែ) ឯយើងចូលចិត្តធ្វើកម្មករគេ ពេលទំនេមើល Facebook ឬចាក់ធុងបាសរាំ។,៤- គេកែច្នៃឱ្យអស់ពីលទ្ធភាព ឯយើងចូលចិត្តលក់វត្ថុធាតុដើម,៥- គេមានជំនាញ ឯយើងលក់កម្លាំងពលកម្ម ហើយពូកែលើកហេតុផលផ្សេងៗ.៦- គេខ្ចីប្រាក់មករកសុី យើងខ្ចីប្រាក់មកទិញម៉ូតូឬទូរស័ព្ទ»។

លោកបណ្ឌិត ថា«ដូចនេះខំសែនយ៉ាងដូចម្តេច ក៏មិនមានដូចគេដែរ ត្រូវតែប្ដូរភាពអវិជ្ជមានទាំងអស់នេះ»៕