ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជានៅតែប្រកាន់ជំហរឱ្យមេធាវី រៀបចំដាក់ពាក្យប្តឹងគណបក្សភ្លើងទៀន បើសិនជាគណបក្សនេះនៅមិនសុំទោសជាសាធារណៈពាក់ព័ន្ធនឹងការចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់គណបក្សប្រជាជនកម្ពុជាខុសពីការពិត។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងប្រាប់សារព័ត៌មានខ្មែរឈានមុខនៅថ្ងៃទី ២០ ខែមករានេះ ឱ្យដឹងថា តាមរយៈខ្លឹមសារសេក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនដែលចេញនៅថ្ងៃនេះ មិនបានឆ្លុះបញ្ចាំងពីការសុំទោសជាសាធារណៈនោះទេ គឺគ្រាន់តែបង្ហាញពីគោលជំហររបស់គណបក្សប្រជាជនកម្ពុជាដែលបានចេញសេចក្តីថ្លែងការណ៍កាលពីម្សិលមិញនេះ។
លោកបន្តថា សេចក្តីថ្លែងការណ៍នេះ មិនបានសម្តែងការសុំទោសជាសាធារណៈ តាមប្រសាសន៍ស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះការវាយប្រហាររបស់គណបក្សប្រជាជន នៅមិនទាន់មានឃើញនោះទេ ។
លោកថ្លែងថា « បើសិនជាគណបក្សភ្លើងទៀនធ្វើតាមប្រសាសន៍តម្រូវការបស់សម្តេចតេជោ វាជ្រះស្រឡះអស់ហើយ ប៉ុន្តែ បើសិនណាគាត់មិនព្រមធ្វើ ហើយនិយាយកិចកុច មិនព្រមទទួលខុសត្រូវចំពោះពាក្យសំដីរបស់គាត់ទេ តាមប្រសាសន៍ថ្នាក់ដឹកនាំរបស់គណបក្សនឹងបន្តទៀតហើយ»។
គណបក្សភ្លើងទៀន នៅថ្ងៃទី ២០ ខែមករា បានចេញសេចក្តីថ្លែងការណ៍គ្រាន់ ឃើញនូវសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលបានបញ្ជាក់ពីភាពស្អាតស្អំ ត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច។
គណបក្សនេះបានគាំទ្រនូវជំហររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការពង្រឹងនូវ បរិយាកាសនយោបាយឲ្យបានល្អប្រសើរបំផុត សំដៅធានាឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សូមបញ្ជាក់ថា ក្រោយមានការចាប់ឃុំខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀន នៅថ្ងៃទី ១៨ ខែមករា នេះ បានបើកកិច្ចប្រជុំរបស់ខ្លួនដោយបានសម្រេចប្រឆាំងដាច់ខាតលើការគាបសង្កត់ ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយគ្រប់រូបភាពពីគណបក្សកាន់អំណាច ដោយទាមទារឲ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់។
ជាមួយគ្នានេះ គណបក្សភ្លើងទៀន បន្តពង្រឹងជំហរ និងរចនាសម្ព័ន្ធគណបក្សឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ គណបក្សក៏បានអំពាវនាវដល់ប្រទេស ជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសថ្ងៃ ២៣ តុលា ១៩៩៣ ឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងការ អនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឲ្យបានត្រឹមត្រូវនៅព្រះរាជាណាចក្រកម្ពុជា។
ក្រោយចេញសេក្តីថ្លែងការណ៍បានមួយថ្ងៃនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋាន «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យមេធាវីសិក្សាថ្លែងការណ៍របស់គណបក្សភ្លើងទៀន ពាក់ព័ន្ធពាក់នឹងការចោទប្រកាន់គណបក្សប្រជាជនក្នុងករណីចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ក្រោយពាក់ព័ន្ធនឹងចេញសែកស្អុយ។
ជាមួយគ្នានេះ សម្តេចតេជោ បានផ្តាំផ្ញើទៅកាន់ប្រទេសដទៃ កុំលូកដៃ នៅពេលអ្នកនយោបាយកម្ពុជាត្រូវបានចាប់ខ្លួន ព្រោះការនិយាយរបស់ពួកគេ វាបានប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោថ្លែងថា «អ្នកមិនអាចចេញសេចក្តីថ្លែងការណ៍ដោយថា គណបក្សកាន់អំណាច គំរាមកំហែងអ្នកឯងនោះទេ អ្នកឯងប្រយ័ត្នគណបក្សប្រជាជនប្តឹង អ្នកឯងចេញសែកអត់លុយហើយតុលាការចាប់ខ្លួនវាសមហេតុផលណាស់ ។ ហេតុអីនិយាយថារឿងនយោបាយ អីញ្ចឹងស្អីនយោបាយទាំងអស់ឬ?»។
សម្ដេចតេជោបន្ដថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច មិនឱ្យគណបក្សណា ឬអ្នកណាមក ប្រមាថគណបក្សប្រជាជនឡើយ ខណៈសម្តេច មិនដែលប្រមាថគណបក្សណា ឬអ្នកណានោះទេ។
សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំចង់ឱ្យមេធាវីគណបក្សប្រជាជនសិក្សាសេចក្តីថ្លែងការណ៍ហ្នឹង ឱ្យអ្នកឯងសុំទោស បើមិនសុំទោស ប្តឹងអ្នកឯងទៀត ខ្ញុំមើល ឃើញថ្លែងការណ៍ហ្នឹង»។ សម្ដេចបន្ដថា «ដូច្នេះមេធាវីគណបក្សប្រជាជនកម្ពុជា ត្រូវមើលសេចក្ដីថ្លែងការណ៍ហ្នឹង គេថាយើងគំរាមកំហែងគេ ។ តើសួរថាគំរាមកន្លែងណា ពេលណា? និយាយគ្នាឱ្យច្បាស់បើមិនព្រមដកពាក្យហ្នឹងទេ ប្តឹងមួយទៀត»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ចាប់ពីពេលនេះតទៅ គណប្សប្រជាជនកម្ពុជា ប្រកាសលុបបំបាត់ពាក្យថា ចោទគណបក្សប្រជាជនកម្ពុជាលួចសន្លឹកឆ្នោតត្រូវបញ្ចប់ បើមិនដូច្នេះអ្នកឯងនឹងតាមផ្លូវតុលាការទាំងអស់ និងផ្តាំទៅអ្នកឯងឲ្យច្បាស់។ សម្ដេចថា អ្នកដែលដើរនិយាយពីគណបក្សគេ អ្នកនោះមិនទាន់ស្គាល់លទ្ធិប្រជាធិបតេយ្យច្បាស់ឬទេ?។
សម្ដេចតេជោ ក៏បានផ្ដាំផ្ញើដល់គណបក្សភ្លើងទៀនថា បើអ្នកចង់ឈ្នះ និយាយតែគណបក្សរបស់ខ្លួន ទៅមិនចាំបាច់និយាយពីគណបក្សប្រជាជននោះទេ។ សម្តេច គូសបញ្ជាក់ថា «ខ្ញុំនឹងធ្វើអ្នកឯងដោយមិនខ្លាចអ្វីទាំងអស់ ប៉ុន្តែធ្វើតាមផ្លូវតុលាការដូចអ្វីដែលខ្ញុំនិយាយពីអាទិត្យមុន គឺតាមផ្លូវតុលាការ និងទៅដល់ផ្ទះវៃតែម្តង»។
ក្រោយការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍ ៤ចំណុច និងបានចាត់ទុកសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនថា ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូរបស់គណបក្សប្រជាជនកម្ពុជា៕
ដោយ៖ ពុទ្ធិពល