ចោរឆក់សកម្មអស់លក្ខ័ជាប់អន្ទាក់សមត្ថកិច្ច

ក្រុងបាវិត៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣វេលាម៉ោង២២ៈ០៥នាទីប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលបណ្តឹង០១ច្បាប់ពីជនរងគ្រោះ ឈ្មោះ ង្វៀង ធីហុងហ្គាម (NGUYEN THI HON GAM) ភេទស្រី អាយុ២៩ឆ្នាំជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ស្នាក់នៅក្រុមហ៊ុន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងដែលបានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យចំនួន០២នាក់(មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស ដែលបានធ្វើសកម្មភាពជិះម៉ូតូ ឆក់កាបូបស្ពាយរបស់ខ្លួន កាលពីវេលាម៉ោង១៧:៤៥នាទីនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ នៅចំនុចខាងមុខផ្សារអន្តរជាតិ ស្ថិតក្នុងភូមិបាវិតកណ្តល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីធ្វើសកម្មភាពរួច ក៍នាំគ្នា ជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយពីទទួលបណ្តឹងភ្លាម សមត្ថកិច្ចយើង បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ។ សម្ភារ:ក្នុងកាបូបស្ពាយ រួមមាន ទូរស័ព្ទ០១គ្រឿងម៉ាក I PHONE 12 PROMAX ពណ៌ស្លឹកឈើ(មានភ្ជាប់GPS) កាតATM ចំនួន០៤ សន្លឹក សំបុត្រកំណើតកូន០១សន្លឹក និងប្រាក់ចំនួន ៤០០ USD (បួនរយដុល្លារអាមេរិក) ។

រហូតដល់ម៉ោង២២:២៥នាទីនាថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើង បានមើលតាមប្រព័ន្ធ GPS ក្នុងទូរស័ព្ទ របស់ជនរងគ្រោះ ធ្វើការប្រម៉ាញ់បានមុខសញ្ញាដែលជាជនសង្ស័យចំនួន០២នាក់ រួចនាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីសាកសួរ ។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម :
១/ឈ្មោះ យ៉ាត់ ចំណាប់ ហៅញ៉យ ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
២/ឈ្មោះ អ៊ុង ចន្ធី ហៅ ពៅ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ នៅចំពោះមុខសមត្ថកិច្ចយើង ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយ ប្រាកដមែន ។

បន្ទាប់ពីបានចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ សមត្ថកិច្ចយើង ធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត និងកសាងសំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តចាត់ការបន្តរ៕ ដោយ៖ពុទ្ធិពល