សម្ដេច ហ៊ុន សែន ៣យន្តការ ឈ្នះកូវីដ-១៩ វគ្គ៦ «ការកែសម្រួលផ្នែកមីក្រូហិរញ្ញវត្ថុ »

ភ្នំពេញ៖ សៀវភៅ សម្ដេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ-១៩ ជាស្នាដៃរបស់ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ បានបង្ហាញកាន់តែច្បាស់អំពីភក្ដីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលចំពោះជាតិមាតុភូមិ និង ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេស និងយល់កាន់តែច្បាស់អំពីទេពកោសល្យសិល្បៈនៃកការដឹកនាំ ការចាត់ចែង ការបែងចែកការងារដ៏ប៉ិនប្រសប់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំង ការទប់ស្កាត់ ការរីករាលដាលជំងឺដ៏កាចសាហាវកូវីដ-១៩។

សារព័ត៌មានខ្មែរឈានមុខ នឹងផ្សាយមួយវគ្គម្ដងៗនូវខ្លឹមសារក្នុងសៀវភៅនេះ ដើម្បីឱ្យសាធារណជនជ្រួតជ្រាបពីកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ ក្នុងការជួយសង្គ្រោះជីវិតប្រជាជន ការស្រោចស្រង់សេដ្ឋកិច្ចជាតិឡើងវិញ ក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នៃជំងឺកូវីដ-១៩ ហើយលោកអ្នកនឹងនឹកឃើញនូវអនុស្សាវរីយ៍របស់ខ្លួនដែលបានឆ្លងកាត់ដ៏ញាប់ញ័រក្នុងពេលបិទខ្ទប់ និងការបែងចែកតំបន់ក្រហម តំបន់លឿង និងលឿងទុំ។

វគ្គ៦ «ការកែសម្រួលផ្នែកមីក្រូហិរញ្ញវត្ថុ »

ក្រៅពីជួយសម្រាលបន្ទុកដ៏ធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋ ចំពោះហេតុការណ៍ដ៏អាក្រក់ខាងលើ សម្ដេចតេជោ ក៏បានគិតគូរយកចិត្តទុកដាក់ខ្ពស់ ទៅដល់មហាទុក្ខលំបាករបស់ប្រជាពលរដ្ឋទៅលើបំណុលធនាគារ អំឡុងពេលកំពុងបិទខ្ទប់ និងធ្វើចត្តាឡីស័ក ដោយសារជំងឺកូវីដ-១៩។ សម្តេចបានស្នើឱ្យមានការបន្ធូរបន្ថយ ឬសម្រាលដល់ប្រជាពលរដ្ឋជាកូនបំណុលពីម្ចាស់បំណុល។ ក្រោយការអំពាវនាវនេះ សមាគមមីក្រូហិរញ្ញវត្ថុ និងធនាគារក៏បានរៀបចំឥណទានឡើងវិញ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។ សម្តេច ក៏បានថ្លែងអំណរគុណចំពោះការកសម្រួលនេះ។

សម្តេច មានប្រសាសន៍ថា កាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងផុតទៅមានកូនបំណុលប្រមាណ៣៤ម៉ឺននាក់ ត្រូវបានរៀបចំឥណទានឡើងវិញ ក្នុងទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារ។ សមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារបានលើកឡើងនូវទិសដៅ៦ ចំណុចសំខាន់ៗ សម្រាប់ការកែសម្រួលនេះ គឺ៖ ទី១-សម្រាប់អតិថិជនដែលឆ្លងកូវីដ-១៩ សមាគមមីក្រូហិរញ្ញវត្ថុនិងសមាគមធនាគារលើកលែងការបង់ការប្រាក់និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ ប្រសិនបើអតិថិជនយល់ព្រមរួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេល៣ខែ។

រាល់អតិថិជនដែលឆ្លងកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ទី២-អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក ផ្តល់ការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ ប្រសិនបើអតិថិជនយល់ព្រមរួមទាំងការពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល១ខែ លើកលែងរាល់ការផាកពិន័យទាំងអស់។ ទី៣-បន្តធ្វើការផ្តល់ជូននូវការរៀបចំឥណទានឡើងវិញឱ្យបានឆាប់រហ័សនិងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

ទី៤-បញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែមដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ដើម្បីជួយបន្តនិងស្តារឡើងវិញ នូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។ ទី៥-រៀបចំឥណទានឡើងវិញព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់សម្រាប់អតិថិជន ដែលទិញផ្ទះផ្ទាល់ខ្លួនទី១សម្រាប់រស់នៅ។ ទី៦-សមាគមធនាគារផ្តល់ នូវការអនុគ្រោះសម្រាប់អតិថិជន ដែលទទួលមរណភាពដោយសារកូវីដ-១៩ តាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗ។ដំណាក់កាលនិងយន្តការសំខាន់ៗក្នុងការប្រុទ្ធប្រឆាំងជំងឺកូវីដ-១៩ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ចំណុចទាំង៦នេះ គឺល្អហើយ ប៉ុន្តែសម្ដេចស្នើឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួន។ ប្រសិនបើបន្ថែមពេលបាន ក៏គួរតែត្រូវបន្ថែម។ ឧទាហរណ៍ រយៈពេលលើកលែងការប្រាក់រយៈពេល១ខែ ប្រសិនបើពន្យារបានដល់២ខែ ក៏ជាការល្អ ព្រោះដោយសារកូនបំណុលជាប់ ជាមួយបញ្ហាកូវីដ-១៩ទៅហើយ។ ដូច្នេះការសងត្រលប់ទៅវិញ និងការពិន័យចាំបាច់ត្រូវមានសេចក្ដីអនុគ្រោះ។

សម្ដេចតេជោរម្លឹកដែរថា ដោយសារកម្ពុជា មិនមែនជាប្រទេសសេដ្ឋកិច្ចផែនការ ដូច្នេះ រាជរដ្ឋាភិបាលមិនអាចដាក់បញ្ជាឱ្យវិស័យឯកជនទទួលយកតាមបំណងរបស់ខ្លួនបាននោះទេ។ សម្តេច យល់យ៉ាងច្បាស់ថា ធនាគារ ឬមីក្រូហិរញ្ញវត្ថុគឺជាកូនបំណុលផង និងជាម្ចាស់បំណុលផង ព្រោះម្ចាស់ធនាគារ ឬមីក្រូហិរញ្ញវត្ថុគឺជាកូនបំណុលរបស់ម្ចាស់បំណុលដែលជាអតិថិជនយកប្រាក់ទៅផ្ញើ ហើយទទួលយកការប្រាក់។ ដូច្នេះធនាគារ ឬមីក្រូហិរញ្ញវត្ថុ គឺជំពាក់ម្ចាស់បំណុលដទៃទៀត។
បន្ទាប់ទៅខ្លួននឹងក្លាយទៅជាម្ចាស់បំណុលដោយយកប្រាក់ ដែលគេយកមកផ្ញើនេះទៅឱ្យគេខ្ចីបន្ត ដោយមានអត្រាការប្រាក់ខ្ពស់ជាង។ ដូចនេះ រាជរដ្ឋាភិបាល មិនបណ្ដោយឱ្យធនាគារដួលរលំនោះទេ ដូចវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០០៨ចាប់ផ្តើមពីការដួលរលំនៃធនាគារនៅក្នុងប្រទេសជឿនលឿនមួយចំនួន។

សម្តេចតេជោ ក៏បានស្នើឱ្យធនាគារ ឬមីក្រូហិរញ្ញវត្ថុពង្រីកវិសាលភាពពាក់ព័ន្ធជាមួយនឹងកម្មករ ដែលបាត់បង់ការងារ ហើយដែលមានការពាក់ព័ន្ធជាមួយនឹងកូវីដ-១៩ ព្រោះគ្រាន់តែរោងចក្រមួយមានកម្មករ៦៣៨ នាក់ បានឆ្លងកូវីដ-១៩។ បានសេចក្តីថា បើកម្មករ ឬក្រុមគ្រួសារកម្មករមានបំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុ ក៏សុំអធ្យាស្រ័យឱ្យមានការបន្ធូរបន្ថយទៅដល់ក្រុមគ្រួសារពួកគេ។ សម្តេចក៏បាន ស្នើដល់ម្ចាស់បំណុល ដែលយកប្រាក់ទៅផ្ញើ នៅធនាគារ ប្រសិនបើការប្រាក់ធ្លាក់ចុះ សូមកុំទៅដកប្រាក់ពីធនាគារអី។ ធ្វើបែបនេះ ដើម្បីរួមចំណែកសម្រាលបន្ទុកទាំងអស់គ្នា ហើយធនាគារជាតិនៃកម្ពុជាត្រូវធ្វើការងារនេះ ជាមួយគ្រប់ធនាគារទាំងអស់ ដើម្បីកុំឱ្យថា ធនាគារនេះបន្ថយការប្រាក់ ធនាគារមួយទៀតបង្កើនដើម្បីប្រមូលទុន។ បើធ្វើដូច្នោះគឺមិនសមធម៌ទេ ដែលធ្វើឱ្យធនាគារនេះខ្សោះឈាម អស់ទុន គេដកប្រាក់អស់ ហើយទៅបង្កើនឱ្យធនាគារមួយទៀតនូវអត្រាការប្រាក់ខ្ពស់។

ដូច្នេះសូមឱ្យបញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែមដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងបន្ថយអត្រាការប្រាក់ ដើម្បីជួយបន្តការស្ដារឡើងវិញសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ ព្រោះតួលេខក្នុងធនាគារជាតិកម្ពុជា គឺមានប្រាក់សល់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែរ។ ក្រៅពីនេះសម្តេច ហ៊ុន សែន ក៏អរគុណដល់ម្ចាស់ផ្ទះជួល អគារ និងអចលនទ្រព្យ ដែលបញ្ចុះថ្ងៃឈ្នួល បញ្ចុះថ្ងៃលក់ និងការសម្រួលបន្ធូរបន្ថយ ឬអនុគ្រោះ ចំពោះការបង់រំលស់ ឬការបង់ការប្រាក់លើថ្ងៃទិញផ្ទះនិងអចលនទ្រព្យនានាជូនដល់អតិថិជនរបស់ខ្លួននៅក្នុងសភាពការណ៍លំបាកតាមការអំពាវនាវរបស់រដ្ឋាភិបាលក្នុងដំណាក់កាលកូវដ-១៩ ដ៏លំបាក។

សម្តេច ក៏បានស្នើដែរថា ដំណាក់កាលនេះ មិនត្រូវមានការរឹបអូសទ្រព្យសម្បត្តិ ឬអចលនទ្រព្យនោះទេ ព្រោះអ្នកដែលធ្វើរឿងនេះទៅរួច ឬរឹបអូសក្នុងដំណាក់កាលនេះគឺហាក់ដូចជាគ្មានការយោគយល់អធ្យាស្រ័យចំពោះសភាពការណ៍អ្វីទាំងអស់។ ផ្ទុយទៅវិញត្រូវចេះជួយគ្នា ដូចជាការសម្រួលណាមួយសម្រាប់ប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធបញ្ហាកូវីដ-១៩៕ ដោយ៖ គង់ សេដ្ឋាមុនី