សម្តេចតេជោ ឱ្យមេធាវីសិក្សាសេចក្តីថ្លែងការណ៍បក្សភ្លើងទៀន ត្រៀមប្តឹងតប

ភ្នំពេញ ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានបញ្ជាឱ្យមេធាវីសិក្សាថ្លែងការណ៍របស់គណបក្សភ្លើងទៀន ក្នុងករណីចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ក្រោយពាក់ព័ន្ធនឹងចេញសែកស្អុយ។

ការឱ្យសិក្សាលើសេចក្តីថ្លែងការណ៍បក្សភ្លើងទៀន ពីសំណាក់សម្តេច ដើម្បីត្រៀមប្តឹងតបវិញ ដោយសារក្នុងសេចក្តីថ្លែងការណ៍នោះបានថ្កោលទោសចាប់ខ្លួនលោក ថាច់ សេដ្ឋា ហើយក៏បានរំលេចថា បក្សប្រជាជនកម្ពុជា ជាបក្សកាន់អំណាចគំរាមកំហែងបក្សភ្លើងទៀន។

ក្នុងពិធីជួបសំណេះ សំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋាន «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ បានផ្តាំផ្ញើទៅកាន់ប្រទេសដទៃ កុំលូកដៃ នៅពេលអ្នក នយោបាយកម្ពុជាត្រូវបានចាប់ខ្លួន ព្រោះការនិយាយរបស់ពួកគេ វាបានប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោថ្លែងថា «អ្នកមិនអាចចេញសេចក្តីថ្លែងការណ៍ដោយថា គណបក្សកាន់អំណាច គំរាមកំហែងអ្នកឯងនោះទេ អ្នកឯងប្រយ័ត្នគណបក្សប្រជាជនប្តឹង អ្នកឯងចេញសែកអត់លុយហើយតុលាការចាប់ខ្លួនវាសមហេតុផលណាស់ ។ ហេតុអីនិយាយថារឿងនយោបាយ អីញ្ចឹងស្អីនយោបាយទាំងអស់ឬ?»។

សម្ដេចតេជោបន្ដថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច មិនឱ្យគណបក្សណា ឬអ្នកណាមក ប្រមាថគណបក្សប្រជាជនឡើយ ខណៈសម្តេច មិនដែលប្រមាថគណបក្សណា ឬអ្នកណានោះទេ។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំចង់ឱ្យមេធាវីគណបក្សប្រជាជនសិក្សាសេចក្តីថ្លែងការណ៍ហ្នឹង ឱ្យអ្នកឯងសុំទោស បើមិនសុំទោស ប្តឹងអ្នកឯងទៀត ខ្ញុំមើល ឃើញថ្លែងការណ៍ហ្នឹង»។ សម្ដេចបន្ដថា «ដូច្នេះមេធាវីគណបក្សប្រជាជនកម្ពុជា ត្រូវមើលសេចក្ដីថ្លែងការណ៍ហ្នឹង គេថាយើងគំរាមកំហែងគេ ។ តើសួរថាគំរាមកន្លែងណា ពេលណា? និយាយគ្នាឱ្យច្បាស់បើមិនព្រមដកពាក្យហ្នឹងទេ ប្តឹងមួយទៀត»។

សម្ដេចតេជោបន្ដថា ចាប់ពីពេលនេះតទៅ គណប្សប្រជាជនកម្ពុជា ប្រកាសលុបបំបាត់ពាក្យថា ចោទគណបក្សប្រជាជនកម្ពុជាលួចសន្លឹកឆ្នោតត្រូវបញ្ចប់ បើមិនដូច្នេះអ្នកឯងនឹងតាមផ្លូវតុលាការទាំងអស់ និងផ្តាំទៅអ្នកឯងឲ្យច្បាស់។ សម្ដេចថា អ្នកដែលដើរនិយាយពីគណបក្សគេអ្នកនោះ មិនទាន់ស្គាល់លទ្ធិប្រជាធិបតេយ្យច្បាស់ឬទេ?។

សម្ដេចតេជោ ក៏បានផ្ដាំផ្ញើដល់គណបក្សភ្លើងទៀនថា បើអ្នកចង់ឈ្នះ និយាយតែគណបក្សរបស់ខ្លួន ទៅមិនចាំបាច់និយាយពីគណបក្សប្រជាជននោះទេ។ សម្តេច គូសបញ្ជាក់ថា «ខ្ញុំនឹងធ្វើអ្នកឯងដោយមិនខ្លាចអ្វីទាំងអស់ ប៉ុន្តែធ្វើតាមផ្លូវតុលាការដូចអ្វីដែលខ្ញុំនិយាយពីអាទិត្យមុន គឺតាមផ្លូវតុលាការ និងទៅដល់ផ្ទះវៃតែម្តង»។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៦ មករា លោក ថាច់ សេដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធចេញសែកស្អុយ (សែកអត់លុយ) កាលពីឆ្នាំ២០១៩។ ក្រោយចាប់ខ្លួនភ្លាម បក្សភ្លើងទៀនបានចេញសេចក្តីថ្កោលទោស ។ មួយថ្ងៃបន្ទាប់មក បក្សនេះក៏បានចេញសេចក្តីថ្លែងការណ៍ទៀតគឺថា គណបក្សភ្លើងទៀន ប្រឆាំងដាច់ខាតលើការគាបសង្កត់ ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយគ្រប់រូបភាពពីគណបក្សកាន់អំណាច ដោយទាមទារឲ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់៕ ដោយ៖ រិន ចំរើន