ក្រុមហ៊ុនរបស់ចិនបង្ហាញពីបំណងផ្តល់សេវាកម្មផ្កាយរណបគ្រប់គ្រង់តំបន់ការពារធម្មជាតិ និងព្រៃឈើរបស់កម្ពុជា

ភ្នំពេញ៖ លោក ចាង ខឺស៊ាងតុង(Zhang Xiaodong) នាយកក្រុមហ៊ុន  China Siwei Surving and Mapping Technology Co,.LTD ចង់បង្កើតកិច្ចសហប្រតិបត្តការក្នុងភាពជាដៃគូជាមួយក្រសួងបរិស្ថាន តាមរយៈការផ្តល់សេវាកម្មផ្នែកបច្ចេកវិទ្យា លើការគ្រប់គ្រងទិន្នន័យដែលបញ្ចូនចេញពីផ្កាយរណប ដើម្បីគ្រប់គ្រង អភិរក្ស និងការពារតំបន់ការពារធម្មជាតិ និងព្រៃឈើរបស់កម្ពុជា។

លោក ចាង ខឺស៊ាងតុង(Zhang Xiaodong)  បានបង្ហាញពីបំណងបែបនេះនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ក្នុងពេលលោកដឹកនាំគណៈប្រតិភូរបស់ក្រុមហ៊ុន ចូលជួប និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

នាឱកាសនោះ លោក លោក ចាង ខឺស៊ាងតុងថ្លែងថាប្រតិបត្តិការផ្កាយរណបសង្កេតផែនដីចំនួន ៤០គ្រឿងក្នុងគន្លងតារាវិថី ដែលមានវិសាលភាពទូលំទូលាយបំផុតក្នុងការទទួលបាននូវរូបភាពផ្កាយរណប និងការផលិតផលទិន្នន័យពីផ្កាយរណប។

លោក ចាង ខឺស៊ាងតុងបន្តថា៖«ការបញ្ចូនទិន្នន័យពីផ្កាយរណបទាំងនោះ នឹងបង្ហាញពីទីតាំងភូមិសាស្រ្ត រួមទាំងដំណោះស្រាយភូមិសាស្ត្រ ដោយរួមបញ្ចូលគ្នានៅក្នុងការស៊ើបការណ៍ ការពារជាតិ ការស្ទង់មតិ និងការធ្វើផែនទី ការត្រួតពិនិត្យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការអភិវឌ្ឍធនធានធម្មជាតិ ការសាងសង់ទីក្រុងឆ្លាតវៃ ការការពារបរិស្ថាន ជំនួយសង្គ្រោះ និងការត្រួតពិនិត្យគ្រោះមហន្តរាយ និងឧស្សាហកម្មផ្សេងៗទៀត»។

ឆ្លើយតបនឹងការលើកឡើងនេះ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​ថ្លែងថា ការការពារព្រៃឈើ និងធនធានធម្មជាតិ គឺការងារអាទិភាពបំផុត ដែលក្រសួងបរិស្ថានចាំបាច់ត្រូវយកចិត្តទុកដាក់ និងការពារដើម្បីទប់ស្កាត់នូវបទល្មើសព្រៃឈើ និងធនធានធម្មជាតិដោយខុសច្បាប់ និង បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន  China Siwei Surving and Mapping Technology Co,.LTD  ដែលមានបំណងចង់បង្កើតកិច្ចសហប្រតិបត្តការក្នុងភាពជាដៃគូជាមួយក្រសួងបរិស្ថាន។

លោក អ៊ាង សុផល្លែត  បន្ថែមថា   ជាក់ស្តែងក្រសួងបរិស្ថានបានប្រើប្រាស់រួចទៅហើយ ចំពោះការពិនិត្យ តាមដាន និងវិភាគព័ត៌មានតាមរយៈទិន្នន័យដែលទទួលបានផ្កាយរណប ហើយការទទួលបានទិន្នន័យទាំងនេះ ក៏ជាផ្នែកមួយជួយពន្លឿនដល់ការងារចុះអនុវត្តច្បាប់ និងបទអន្តរាគមភ្លាមៗ នៅតាមតំបន់គោលដៅផងដែរ។

ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីក្រសួងបរិស្ថានរូបនេះ ក៏បានផ្តល់ឱកាសឱ្យទៅអ្នកជំនាញរបស់ក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលំអិតអំពីប្រសិទ្ធភាពនៃគម្រោង ដើម្បីជំរុញការងារគ្រប់គ្រង និងការពារព្រៃឈើ ធនធានធម្មជាតិរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពទេ្វដង ធានាឱ្យបាននូវផលប្រយោជន៍ជូនចំពោះប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសការរក្សាបាននូវធនធានធម្មជាតិ និងព្រៃឈើ សម្រាប់យុវជនជំនាន់ក្រោយ តាមរយៈការរួមគ្នាការពារភាពបៃតងរបស់កម្ពុជា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕