ពីប្រទេសកូរ៉េ៖ អ្នកនាង ស្រួង ភាវី ជាកីឡាការិនីផ្នែកប៊ីយ៉ាការ៉ុម ត្រូវបានជ្រើសរើស ឱ្យធ្វើជាទូតសុច្ឆន្ទៈ ឱ្យ អង្គការ “ទាហ៊ានសម្រាប់ជួយសង្គ្រោះ”នៅកូរ៉េខាងត្បូង ដែលជាអង្គការដ៏ធំមួយនៅលើពិភពលោក ។ ថវិកាដែលនាងទទួលបានពីសុច្ឆន្ទៈនេះ នឹងយកមកជួយប្រជាជនកម្ពុជា។
តាមរយៈទំព័រហ្វេសបុកផ្ទាល់ខ្លួន កីឡាការិនី ស្រួង ភាវី នៅថ្ងៃទី ១៧ ខែតុលា នេះ បានសរសេរថា៖«សូមជម្រាបពុកម៉ែបងប្អូន ពេលនេះខ្ញុំបានឈានដល់មួយកម្រិតទៀតហើយ នាងខ្ញុំត្រូវបានអង្គការ “ទាហ៊ានសម្រាប់ជួយសង្គ្រោះ”នៅកូរ៉េខាងត្បូង សូមឱ្យធ្វើជាទូតសុច្ឆន្ទៈរបស់អង្គការដ៏ធំលំដាប់ពិភពលោកមួយនេះ ដែលមានស្នាក់ការដល់ទៅ១៣៤ប្រទេសឯណោះក្នុងពិភពលោក»។
កីឡាការិនីរូបនេះសរសេរបន្តថា៖«នេះជាមោទនភាពសម្រាប់ប្រជាជនខ្មែរយើងទាំងអស់ផងដែរ ដែលខ្ញុំជាជនជាតិខ្មែរម្នាក់ មានឱកាសធ្វើជាទូតសុច្ឆន្ទៈរបស់អង្គការដ៏ធំលំដាប់ពិភពលោកមួយនេះ។ ហេីយជាកិត្តិយសសម្រាប់ខ្ញុំ ក៏ដូចជាកូនខ្មែរទាំងអស់ ដែលយេីងជាជនបរទេសសោះរស់នៅក្នុងប្រទេសកូរ៉េ ហើយត្រូវបានអង្គការពិភពលោកដ៏ធំ និងមានស្នាក់ការនៅប្រទេសកូរ៉េ ជ្រេីសរេីសឱ្យធ្វើជាទូតសុច្ឆន្ទៈរបស់អង្គការ»។
នាងគូសបញ្ជាក់ផងដែរថា «រាល់ថវិកាទាំងអស់ដែលខ្ញុំទទួលបាន ដេីម្បីជួយដល់ប្រជាជនកម្ពុជា ជាពិសេសប្អូនៗដែលមានជំងឺបេះដូងចំហមកព្យាបាលនៅប្រទេសកូរ៉េ ខ្ញុំមិនបានទៅទទូចសុំ រៃអង្គាស ដល់អង្គការ សមាគម ក្រុមហ៊ុន ឬក៏ធនាគារអីជាដើមនោះទេ។ គឺខ្ញុំប្រើសុឆន្ទៈពិត បេះដូងពិត សមត្ថភាពពិត ដែលកេីតចេញពីក្ដីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ខ្ញុំមានចំពោះជាតិប្រជាជន និងមាតុភូមិយេីងទាំងមូល»។
គួរបញ្ជាក់ថា កីឡាការិនី ស្រួង ភាវី គឺជាស្ដ្រីកម្ពុជាតែម្នាក់ ដែលបានលេងក្នុងវិស័យកីឡាប៊ីយ៉ាការ៉ុម និងបានលើកមុខមាត់ប្រទេសកម្ពុជា។ បច្ចុប្បន្ន កីឡាការិនីរូបនេះ ឈរនៅចំណាត់ថ្នាក់លេខ១ នៅប្រទេសកូរ៉េខាងត្បូង និងលេខ២ នៅលើពិភពលោក លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម៕