លោក Honda ប្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា «ត្រូវមានក្តីស្រមៃ ហើយដើរតាមក្តីស្រមៃខ្លួនឯង»

ភ្នំពេញ៖ ក្រោយបញ្ចប់បេសកកម្ម និងភារកិច្ចរបស់ខ្លួនក្នុងនាម ជាអ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda បានបង្ហោះសារ ប្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា «ត្រូវមានក្តីស្រមៃ ហើយដើរតាមក្តីស្រមៃខ្លួនឯង» ។

លោក Keisuke Honda នៅថ្ងៃទី ១១ ខែឧសភានេះ បានសរសេរនៅលើទំព័រហ្វេសបុករបស់ខ្លួន ថា «អរុណសួស្តី ! ដូចអ្នកទាំងអស់គ្នាដឹងហើយថា ភារកិច្ចរបស់ខ្ញុំ ក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់កាលពីយប់មិញ ។ យើងចង់អោយអ្នកទាំងអស់គ្នាសប្បាយរីករាយជាមួយលទ្ធផលល្អប្រសើរមួយ ។ ប៉ុន្តែពួកយើងមិនអាចធ្វើបាន ។ ជីវិតយើងមិនគួរសន្យានោះទេ ហើយពេលខ្លះខ្ញុំក៏ពិបាកទទួលយកលទ្ធផលមិនល្អទាំងនោះដែរ» ។

លោកបន្តថា » ខ្ញុំមានអារម្មណ៍ថា ការដឹកនាំរបស់ខ្ញុំមិនសូវល្អជាច្រើនដង ចាប់ពីឆ្នាំ២០១៨មក ។ ប៉ុន្តែអ្នកទាំងអស់គ្នា ជាកម្លាំងចិត្ត និងក្តីសង្ឃឹមរបស់ខ្ញុំ ។ ទាំងនេះ គឺជាមូលហេតុ ដែលខ្ញុំបន្តភារកិច្ចការងារខ្ញុំ រហូតដល់បញ្ចប់នេះ »។

លោកបន្ថែមថា » រយ:ពេល៥ឆ្នាំមកនេះ ខ្ញុំពិតជាអរគុណអ្នកទាំងអស់ខ្លាំងណាស់ ចំពោះអ្វីគ្រប់យ៉ាង ។ អ្នកបានផ្តល់អោយខ្ញុំ និងកីឡាករទាំងអស់គ្រប់យ៉ាង ។ ខ្ញុំពិតជាមានមោទកភាពចំពោះអ្នកទាំងអស់គ្នា »។ ជាចុងក្រោយ ខ្ញុំចង់និយាយពាក្យមួយម៉ាត់ថា «ត្រូវមានក្តីស្រមៃ ហើយដើរតាមក្តីស្រមៃខ្លួនឯង» ។

ទោះជាយ៉ាងណា ក៏ដោយ អ្នកស្នេហាកីឡាបាល់ទាត់ កម្ពុជា បានថ្លែងអំណរគុណចំពោះលោក Keisuke Honda ដែលបានដឹកនាំក្រុមជម្រើសជាតិកម្ពុជារយៈពេល៥ ឆ្នាមកន្លងមកនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ជាពិសេសបានកើនឡើងនូវសមត្ថភាព និងគុណភាពនៃការលេងរបស់កីឡាករកម្ពុជាផងដែរ៕