ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងផ្តល់ប្រាក់លើកទឹកចិត្តដល់កញ្ញា ប៊ូ សំណាង កីឡាការិនីអត្តពលកម្មកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ។ ការប្រគល់នេះ នឹងធ្វើឡើងនាថ្ងៃ១០ ឧសភា ស្អែកនេះ នាទីស្តីការក្រសួងព័ត៌មានតែម្តង ។ នេះបើតាមហ្វេសប៊ុក លោក គឹម គុណវឌ្ឍ អ្នកកាសែតជើងចាស់ និងជាមនុស្សជំនិតរបស់លោក ខៀវ កាញារីទ្ធ បង្ហោះផ្សាយមុននេះបន្តិចក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន។
ការប្រកាសផ្តល់ប្រាក់លើកទឹកចិត្តដល់កញ្ញា ប៊ូ សំណាង ក្រោយកញ្ញាបានប្រឹងប្រែងរត់ក្រោមតំណក់ទឹកភ្លៀងទោះជារត់ក្រោយគេ មិនបានទទួលមេដាយក៏ដោយ តែកញ្ញាបានប្រឹងប្រែងអស់កំលាំងកាយចិត្តក្នុងការរត់ឲ្យដល់គោលដៅ ។
នាថ្ងៃនេះដែរ រូបភាពអមដោយទឹកភ្នែក លាយឡំដោយតំណក់ទឹកភ្លៀងរបស់កីឡាការិនី ប៊ូ សំណាង ជាសន្លឹក ហាក់បានអន្ទងចិត្តពលរដ្ឋជាពិសេសអ្នកតាមដានវិស័យកីឡាបានកោតសរសើរ ពីទឹកចិត្តកីឡាដ៏មោះមុតរបស់កញ្ញាជាខ្លាំង ៕
ផ្ញើជូនដំណឹងដ៏រីករាយជូន កញ្ញា ប៊ូ សំណាង កីឡាការិនីអត្តពលកម្មកម្ពុជាក្នុងព្រឹត្តិការណ៏ស៊ីហ្គេមលើកទី ៣២ ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកផ្តល់ការលើកទឹកចិត្តជាថវិកា ១ ០០០ ០០០ រៀល ជូនដល់ក្មួយស្រី ។ ឯកឧត្តម រដ្ឋមន្រ្តី នឹងប្រគល់ថវិកាជូនក្មួយស្រីផ្ទាល់ នៅទីស្តីការក្រសួងព័ត៌មានថ្ងៃស្អែកថ្ងៃពុធទី ១០ មេសា ឆ្នាំ ២០២៣ វេលាម៉ោង ១០ ព្រឹក ។