គួរឱ្យរន្ធត់! ស្ត្រីម្នាក់រងគ្រោះរបើកស្បែកក្បាល ព្រោះសក់ចូលក្នុងម៉ាស៊ីនកៀបទឹកអំពៅ

ខេត្តក្រចេះ៖ ស្តី្រវ័យជាង២០ឆ្នាំរស់នៅ ភូមិ ឧបសម្ព័ន្ធអូរអំពៅ ឃុំ រលួសមានជ័យ ក្នុងស្រុក សំបូរខេត្តក្រចេះ មានការធ្វេសប្រហែសធ្វើឱ្យសក់ចូលក្នុងម៉ាស៊ីនកៀបទឹកអំពៅបណ្តាលឱ្យរបើកស្បែកក្បាលរងរបួសធ្ងន់ធ្ងរ។

ក្រោយកើតហេតុភ្លាមៗ ត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្របង្អែកខេត្តក្រចេះកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

តាមការរៀបរាប់របស់ក្រុមគ្រួសាររងគ្រោះ ពេលនាងកិ កិនទឹកអំពៅលក់ក៏ស្រាប់តែខ្យល់ប៉ើងសក់ចូលក្នុងម៉ាស៊ីនកិនទឹកអំពៅបង្កឲ្យជួបគ្រោះថ្នាក់ដាច់សក់អស់រលាត់ស្បែកក្បាលមើលឃើញលលាដ៍ក្បាលគួរឲ្យរន្ធត់ ។

លោក ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ថាស្ត្រីរងគ្រោះមានឈ្មោះ អឿ សាវី អាយុ ២០ឆ្នាំ គ្រោះថ្នាក់នេះមានស្ថានភាពធ្ងន់ធ្ងរមិនអាចទុកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបានទេ ហើយស្ថានភាពគ្រោះថ្នាក់នេះលោកបានរៀបចំឯកសារបញ្ជូនសង្រ្គោះបន្តទៅឯរាជធានីភ្នំពេញ តែក្រុមគ្រួសារបានស្នើសុំឲ្យជួយរៀបចំបែបបទឯកសារបញ្ជូនទៅពេទ្យឯប្រទេសវៀតណាមតាមច្រកអន្តរជាតិត្រពាំងខ្លុងខេត្តត្បូងឃ្មុំវិញព្រោះគេមានបច្ចេកទេសជួយឲ្យមានភាពប្រសើរឡើង ។

ករណីគ្រោះថ្នាក់នេះបង្កឡើងដោយសារម៉ាស៊ីនកិនទឹកអំពៅហើយករណីនេះធ្លាប់បានកើតឡើងកាលពីឆ្នាំ២០២០នៅខេត្តស្ទឹងត្រែងចំនួន២ករណីរួចមកហើយ ដូចជានៅចំណុចរង្វង់មូលអូរពងមាន់បង្កឲ្យស្តី្រ២នាក់ពិការដៃផងដែរ ៕ ដោយ៖ ពុទ្ធិពល