អាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបករណីជួញដូរគ្រឿងញៀនជិត៩០០គីឡូក្រាម

ខេត្តព្រះសីហនុ៖កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ បាន បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំដែលមានទម្ងន់ជិត  ៩០០គីឡូក្រាម នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

បើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ  រកឃើញថ្នាំញៀនចំនួន ៣៤បាវ ដែលមានទម្ងន់   ៨៨៤ គីឡូក្រាម។   វត្ថុតាងត្រូវបានយកមករក្យាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រតិបត្តិការនៃការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ កម្លាំងកងរាជអាវុធហត្ថរបស់លោកក្រោមការបញ្ជាផ្ទាល់ ពី លោ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធី ពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវរហូតឈានទៅដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀន រកឃើញគ្រឿងញៀនជិត៩០០គីឡូក្រាម»។

បន្ថែមពីនេះ លោក ហេង ប៊ុនទី បានបញ្ជាក់ថា វត្ថុតាងត្រូវបានយកមករក្យាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

ចំពោះជនសង្ស័យកម្លាំងមន្ទីរជំនាញបានពន្លាតដែនដីសមត្ថកិច្ចទៅតាមរាជធានី-ខេត្ត ដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធ តាមជំនាញ ដោយប្រើពេលសហការជាមួយសមត្ថកិច្ច ដែនដីពាក់ព័ន្ធ ៕ ដោយ៖​ពុទ្ធិពល