ករណីផ្ទុះអាវុធជាង ១០ គ្រាប់នៅក្រុងបាត់ដំបង សមត្ថកិច្ចកំពុងស្រាវជ្រាវ

ខេត្តបាត់ដំបង៖ ក្រោយពីមានការផ្ទុះអាវុធជាង១០គ្រាប់បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង២នាក់ទៀតរងរបួសរហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងដុតដៃដុតជើង ស៊ើបអង្កេត ស្រាវជ្រាវ ដោយយកចិត្តទុកដាក់បំផុត។

បើតាមសមត្ថកិច្ចខេត្តបាត់ដំបង ករណីខាងលើនេះ មានតម្រុយហើយ សមត្ថកិច្ចក៏កំពុងបំពេញភារកិច្ច តាមយ៉ាងប្រកិតពីក្រោយខ្មាន់កាំភ្លើង ដើម្បីបង្ក្រាបចាប់ឃាត់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបាន។

យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនិង០២នាក់ផ្សេងទៀតរងរបួសស្រាលនៅក្នុងហេតុការណ៍បាញ់ប្រហារជាង ១០គ្រាប់នៅកណ្តាលក្រុងបាត់ដំបង ក្រោយមានទំនាស់ពាក្យសម្តីរវាងក្រុមស្ទាវពីរក្រុម ចេញពីក្លឹបមកដូចគ្នា។
ករណីខាងលើ បានកើតឡើង នៅវេលាម៉ោងជាង០៣ទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១ ក្បែរវេទិកាអុំទូក ទល់មុខធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី សាខាខេត្តបាត់ដំបង ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានករណីឈ្លោះប្រកែកគ្នារវាងក្រុមស្ទាវពីរក្រុមដែលភាគីម្ខាងមានឡាន មានកាំភ្លើងបានបាញ់ប្រហារទៅលើភាគីម្ខាងទៀតជាង១០គ្រាប់បណ្តាលអោយយុវជន០៣នាក់ជិះម៉ូតូ មកអង្គុយនៅលើកៅអីបង់មាត់ស្ទឹងសង្កែ រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង(ពេទ្យធំ) ហើយក្រោយមកក្នុងចំណោមយុវជន០៣នាក់ក្នុងមានម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យផងដែរ៕ ដោយ៖ ពុទ្ធិពល