សមត្ថកិច្ចភ្នំពេញឃាត់មនុស្សប្រុសស្រីចំនួន ១២នាក់ ករណីលួចបង្កប់ល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ៖ គណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌចំការមន នៃ រាជធានីភ្នំពេញបានឃាត់ខ្លួន មនុស្សប្រុសស្រីចំនួន ១២នាក់ ប្រុស ៦នាក់(ជនជាតិចិន៤នាក់ )ស្រី ៦នាក់ និង ដកហូតនៅវត្ថុតាងមួយចំនួន ពាក់ព័ន្ធលួចបង្កប់ ល្បែងស៊ីសងខុសច្បាប់ស្ថិតនៅចំណុចផ្លូវ ព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ករណីឃាត់ខ្លួនខាងលើនេះ ធ្វើឡើងនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ និង ដោយមានការបញ្ជាពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌចំការមន និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធបានចុះបង្រ្កាប និងបិទទីតាំងដែលមានលួចបង្កប់ ល្បែងសុីសង (តុលេងបៀបាក្រាត ,ទូបាញ់ត្រី ,និងទូហ្គេមតុក្កតា )នៅទីតាំងខាងលើ។

ជាលទ្ធផលគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌបានឃាត់ខ្លួន មនុស្សប្រុសស្រីចំនួន ១២នាក់ ប្រុស ៦នាក់(ជនជាតិចិន៤នាក់ )ស្រី ៦នាក់ និង ដកហូតនៅវត្ថុតាងមួយចំនួនដូចជា ទូហ្គេមបាញ់ត្រី ៤គ្រឿង ទូហ្កេម តុក្កតា ១២គ្រឿង តុ លេងបាក្រាត ចំនួន០២ ទូរសព្ទ ១១គ្រឿង កុំព្យូទ័រលើតុ ចំនួន១គ្រឿង ម៉ាស៊ីនគិតលេខ ១គ្រឿង ម៉ាស៊ីនរាប់លុយ ១គ្រឿង និងបៀក្រដាស និង កាក់សម្រាប់លេងបាញ់ត្រីមួយចំនួនធំ។ ដោយឡែក មនុស្សទាំងអស់ត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធីផ្លូវច្បាប់ ចំពោះទីតាំងគឺត្រូវបានបិទជាបណ្តោះអាសន្ន៕ ដោយ៖ ពុទ្ធិពល