ភ្នំពេញ ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២បានស្នើអាជ្ញាធរឆ្លើយតបឱ្យបានរហ័សចំពោះករណីជនបង្កបើកបរទាំងស្រវឹងលើស ល្បឿនកំណត់បុកមួយគ្រួសារដែលមានកូនតូច ហើយព្យាយាមរត់គេចនៅលើស្ពានជ្រោយចង្វា ។
ការស្នើសុំរបស់លោក រដ្ឋមន្ត្រី ធ្វើឡើង ក្រោយមានប្រតិកម្មជាបន្តបន្ទាប់ពីអ្នកលេងបណ្តាញសង្គម និងល្បីៗ នៅក្នុងសង្គម និង បានចែករំលែកពីករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយចាត់ទុកជារឿងអយុត្តិធម៌ក្នុងសង្គម ។
ករណីខាងលើនេះ គឺមានប្ដីប្រពន្ធព្រមទាំងកូនតូចទើបតែចេញពីមន្ទីរពេទ្យបានធ្វើដំណើរកាត់តាមស្ពានជ្រោយ ចង្វាស្រាប់តែ មានរថយន្តស៊េរីទំនើបមួយគ្រឿង បើកស្របទិសគ្នាជាមួយនឹងម៉ូតូកាត់តាមស្ពានជ្រោយចង្វាក្នុងទិសដៅពីលិចមកកើតស្រាប់តែមកដល់ចំណុចនឹងចុងគល់ស្ពានជ្រោយចង្វាត្រូវបានបុកម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូនិងមនុស្សមានឪពុកម្តាយនិងកូនផ្លោងមកជាមួយគ្នាប្រហែលជាង ១០០ ម៉ែត្រ។
ក្រោយបើកបុករួចបានព្យាយាមបើករត់តាមបណ្តោយផ្លូវ កែវចិន្តាតែត្រូវសមត្ថកិច្ចតាមឃាត់បានត្រូវបញ្ជូនខ្លួនអ្នកបេីកបរមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រោយចង្វា និង បានបញ្ចប់ដោយសំណង២.៥០០ដុល្លារ ។
បើតាម ការផ្សព្វផ្សាយតាមបណ្តាញសង្គម កូនតូចនោះ បានស្លាប់ ហើយ ប៉ុន្តែ អ្នកលេងតាមបណ្តាញសង្គម បានសម្តែងការអាណិតអាសូដល់កូនតូចនោះ និងអំពាវនាវ ឱ្យសមត្ថកិច្ចស្វែងរកជនបង្ក ឱ្យមកទទួលខុសត្រូវក្នុងរឿងនេះ ៕ ដោយ៖ ពុទ្ធិពល