រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យមានការបើកជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជាឡើងវិញ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់ ឯកអគ្គរាជទូតជប៉ុនជិតផុតអាណត្តិ គឺលោក មីកាមិ ម៉ាសាហ៉ីរ៉ូ ក្នុងការជួយជំរុញឱ្យមានជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមករាជធានីភ្នំពេញឡើងវិញ ក្រោយពីផ្អាកកាលពីកំលុងផ្ទុះជំងឺកូវីដ១៩ខ្លាំង។

ការស្នើបែបនេះធ្វើឡើងក្នុងឱកាសដែល លោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ ចូលជួបជម្រាបលា លោក ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលលោកជិតដល់ពេលផុតអាណត្តិបំពេញបេសកកម្មជាឯកអគ្គរាជទូតជប៉ុននៅកម្ពុជា។

លោក ថោង ខុន បានស្នើទៅកាន់លោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ ធ្វើយ៉ាងណាជំរុញឱ្យមានការបើកជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញឡើងវិញ។ លោករដ្ឋមន្ត្រីបានបន្តថា ក្រុមហ៊ុនអាកាសចរណ៍ ANA បានផ្អាកជើងហោះហើរមកកាន់កម្ពុជាតាំងពីកំលុងផ្ទុះជំងឺកូវីដ១៩ខ្លាំង នាចុងឆ្នាំ២០១៩។

លោករដ្ឋមន្ត្រីបានបន្តទៀតថា បច្ចុប្បន្នជប៉ុនបានបើកឡើងវិញនូវការហោះហើរត្រង់ទៅមកជាមួយប្រទេសមួយចំនួន ដូចជាប្រទេសថៃ វៀតណាមជាដើម ដូច្នេះលោកចង់ឱ្យជប៉ុនបន្តកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូននេះជាមួយកម្ពុជាឡើងវិញ ដើម្បីជំរុញកំណើនទេសចរទៅមកប្រទេសទាំងពីរ។

តបទៅនឹងសំណើនេះ ឯកអគ្គរាជទូតជប៉ុនបានឯកភាពចំពោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទោះបីថាលោកចប់អាណត្តិជាឯកអគ្គរាជទូតនៅកម្ពុជាក៏ពិតមែន ប៉ុន្តែលោកនឹងបន្តខិតខំដើម្បីពង្រឹកពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាតទៅមុខទៀត ពិសេសគឺពាក់ព័ន្ធនឹងការជំរុញជើងហោះហើរត្រង់ឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA មកកាន់កម្ពុជា។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំទាំងពីរបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាច្រើនរវាងកម្ពុជានិងជប៉ុន ពិសេសលើការជួយអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជារួមចំណែកជួយអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។ ភាគីទាំពីរ មានក្ដីសង្ឃឹមថាកំណើនភ្ញៀវទេសចរដែលទៅមកប្រទេសទាំងពីរនឹងបន្តកើនឡើងថែមទៀត ពិសេសគឺនឹងមានការហោះហើរត្រង់ឡើងវិញ ក្រោយប្រទេសទាំងពីររួចផុតពីវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។

គួរជម្រាបថា នារយៈពេល១០ខែឆ្នាំ២០២២នេះ នៅប្រទេសជប៉ុនទទួលបានភ្ញៀវទេសចរកម្ពុជាប្រមាណជាង៧ ០០០នាក់ ខណៈកម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនប្រមាណជាង១៩ ០០០នាក់ ក្នុងរយៈពេលដូចគ្នា៕ ដោយ៖ សៀងហៃ