កណ្ដាល៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីឆក់កាបូប បណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ៣០នាទី នៅចំណុច លើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
ការឃាត់ខ្លួននេះធ្វើឡើងក្រោម ការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាន និងអធិការដ្ឋាននគរបាលស្រុកស្អាង ដោយសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ជនសង្ស័យទាំង ០២នាក់ ឃាត់ខ្លួនបាន០១នាក់ ឈ្មោះ សុខខឿន ស៊ីផាត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ ចំពោះជនសង្ស័យដែលគេចខ្លួន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីឃាត់ខ្លួន ចាត់ការតាមនីតិវិធី៕ ដោយ៖ សហការី