បក្សនយោបាយឯកភាពទទួលស្គាល់លើទម្រង់ទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សជាអក្សរពេញ អក្សរកាត់នៅលើសន្លឹកឆ្នោត

ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់រួចរាល់ តំណាងគណបក្សនយោបាយ ទាំង ៥ គណបក្ស គឺគណបក្សប្រជាជនកម្ពុជា គណបក្ស ឆន្ទៈខ្មែរ គណបក្ស កម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ បានចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់លើទម្រង់ទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សជាអក្សរពេញ អក្សរកាត់ របស់គណបក្សនយោបាយខ្លួននៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា គ.ជ.ប នឹងចាត់ចែងការផលិត និងបោះពុម្ពសន្លឹកឆ្នោតឱ្យបានទាន់ពេលវេលា សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងពិធី ពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ លោក  តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃអគ្គ-លេខាធិការដ្ឋាន គ.ជ.ប និងជាប្រធានដឹកនាំកម្មវិធី បានមានប្រសាសន៍ថា កម្មវិធីនេះមានគោលបំណងដើម្បីឱ្យការរៀបចំទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត មានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានការបញ្ជាក់ទទួលស្គាល់ដោយសាមីគណបក្សនយោបាយនីមួយៗ។

លោក បន្តទៀតថា ទម្រង់ទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលលើកមកពិនិត្យនៅក្នុងឱកាសនេះ គឺជាទម្រង់ដែលសាមីគណបក្សនយោបាយនីមួយៗបានដាក់ជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត កាលពីអំឡុងពេលដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នាពេលកន្លងមក។

ទាក់ទិនមនឹងការបោះឆ្នោតនេះដែរ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានថ្លែងថា   គ.ជ.បនឹងបោះពុម្ពសន្លឹកឆ្នោតចំនួនជាង១០ម៉ឺនសន្លឹក ដែលគិតជាថវិកាជាង៩០៨លានរៀល៕