កោះកុង៖ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសមាគមន៍អភិរក្សសត្វព្រៃ រដ្ឋបាលខេត្តកោះកុង និងអង្គការដៃគូអភិរក្ស រួមទាំងអាជ្ញាធរមូលដ្ឋាន បានលែងអណ្តើកហ្លួង ឬអណ្តើកសរសៃចំនួន១៥ក្បាល ចូលទៅក្នុងជម្រកធម្មជាតិនៃប្រព័ន្ធព្រែកស្រែអំបិល។
អណ្តើកហ្លួងដែលលែងនេះ មានបំពាក់នូវឧបករណ៍តាមដាន ដើម្បីសម្គាល់និងតាមដានការបន្លាស់ទីរបស់វា។ អណ្តើកហ្លួង (Southern River Terrapin) ជាប្រភេទឧរុង្គសត្វទឹកតំណាងឲ្យនិម្មិតសញ្ញាជាតិ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វជិតផុតពូជ ត្រូវបានរកឃើញឡើងវិញតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងឆ្នាំ២០០០។
លទ្ធផលនេះបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការងារអភិរក្ស ជាងពីរទសវត្សរ៍មកនេះ ដោយមានការឧបត្ថម្ភគាំទ្រថវិកាពីរាជរដ្ឋាភិបាល និងដៃគូនានា រួមមាន Mandai Nature, Turtle Survival Alliance, Allan and Patricia Koval Foundation, US Fish and Wildlife Service, Rainforest Trust, និង US Forest Service ។ រហូតដល់បច្ចុប្បន្ន អណ្តើកចំនួន១៨២ក្បាលហើយ ត្រូវបានលែងចូលក្នុងជម្រកនៃប្រព័ន្ធព្រែកស្រែអំបិលនេះ៕