កម្លាំងចម្រុះ បង្ក្រាប សាច់ជ្រូក និងគ្រឿងក្នុងជ្រូក ៦២០គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កម្លាំងចម្រុះខេត្តបន្ទាយមានជ័យ បានធ្វើការត្រួតពិនិត្យរថយន្តដឹកបំណែកសាច់ជ្រូកបង្កក ស្ថិតនៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ។

កម្លាំងចម្រុះនេះ ដឹងនាំដោយ មន្ត្រីសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) ខេត្តបន្ទាយមានជ័យ សហការជាមួយការិយាល័យគយ និងរដ្ធាករ តំបន់៥ ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ។

ជាលទ្ធផលក្រុមមន្ត្រីបានពិនិត្យឃើញ  អណ្តាតជ្រូកចំនួន ១៨៦គីឡូក្រាម, ពោះវៀនជ្រូក ចំនួន ១៤៥គីឡូក្រាម, ជើងជ្រូក ចំនួន ៨៧គីឡូក្រាម, ត្រចៀកជ្រូកចំនួន ៣៨គីឡូក្រាម, បេះដូងជ្រូក ចំនួន ១៣គីឡូក្រាម, ក្រពះជ្រូក ចំនួន ៦០គីឡូក្រាម, ឆ្អឹងជំនីជ្រូក ចំនួន ៦៥គីឡូក្រាម, ថ្លើមជ្រូក ចំនួន ២៧គីឡូក្រាម សរុបទាំងអស់ចំនួន ៦២១គីឡូក្រាម។

ទំនិញទាំងនេះ ត្រូវបានរកឃើញថា ពុំមានឯកសារពាក់ព័ន្ធនឹងការនាំចូលនោះទេ គ្មានសំបកវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដា និងការដឹកជញ្ចូនពុំសមស្របតាមលក្ខណ:បច្ចេកទេស ដោយមិនបានរក្សាសីតុណ្ហភាពតាមលក្ខណៈតម្រូវ ដែលបណ្តាលឱ្យទំនិញទាំងនោះប្រែប្រួលខូចគុណភាព។

ក្រោយពីធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ មន្ត្រីជំនាញបានធ្វើការដកហូត ដើម្បីយកទៅដុតកម្ទេចចោល និងបានចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់ទំនិញផងដែរ៕