ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នគរបាលជាតិក្រសួងមហាផ្ទៃចេញប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់បានចំនួន២៣ទីតាំង និងឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន៨៥នាក់ ចាត់ការតាំងជំនាញ និងច្បាប់។ នេះបើផ្អែកតាមការបញ្ជាក់របស់លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤។
អ្នកនាំពាក្យរងរូបនេះ ពន្យល់ថា ការបង្ក្រាបចំនួន១៤ទីតាំង ដែលមានករណីល្បែងភ្នាល់តាមអ៉ីនធើណេតចំនួន១០ទីតាំង ត្រូវនគរបាលអនុវត្តវិធានការច្បាប់ ពោលគឺ កសាងសំណុំរឿងទៅតុលាការ។ ក្នុងនោះ ក៏មានអ្នកពាក់ព័ន្ធចំនួន៥៩នាក់ផងដែរ ដែលត្រូវទុកជូនតុលាការចាត់នីតិវិធី។ លោកបន្តថា ក្នុងចំណោម១៤ទីតាំងនេះ នគរបាលបង្ក្រាបក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តព្រះវិហារ កំពត ឧត្តរមានជ័យ និងខេត្តកំពង់ចាម។
លោក ទូច សុឃៈ (សុខៈ) ថ្លែងទៀតថា ចំនួន៩ទីតាំង ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ពោធិសាត់ កំពត និងខេត្តស្វាយរៀង ដែលនគរបាលបង្ក្រាបបាន ពុំកសាងសំណុំរឿងបញ្ជូនទៅតុលាការទេ គឺគ្រាន់តែចាត់វិធានការរដ្ឋបាល ដោយអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តិ ចំនួន២៦នាក់។
ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ជាប្រចាំថ្ងៃនេះ គឺជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែល លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញតាំងពីដោមអាណត្តិទី៧ យោងលើគោលការណ៍«សម្អាតផ្ទះយើង» របស់ សម្ដេចនាយករដ្ឋមន្ត្រី និងជាការអនុវត្តតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពផងដែរ៕