ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ នៅទូទាំងប្រទេសកម្ពុជា មានបទល្មើសព្រហ្មទណ្ឌកើតឡើងសរុបចំនួន៦២ករណី។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២៤។
បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងចំណោមករណីបទល្មើសសរុប កម្លាំងនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបានចំនួន៤៨ករណី ក្នុងនោះមានជនសង្ស័យសរុបចំនួន៧០នាក់ត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
អ្នកនាំពាក្យរង បានឱ្យដឹងទៀតថា ជនសង្ស័យទាំងនោះ ភាគច្រើនបានប្រព្រឹត្តអំពើលួច និងអំពើហិង្សា។ ក្រៅពីនេះមានដូចជាករណីឆក់ ប្លន់ បំពានផ្លូវភេទ រំលោភផ្លូវភេទ ឆបោក ឃាតកម្ម បង្ខាំងមនុស្សជំរិតទារប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់ជាដើម។
កាលពីសប្ដាហ៍មុន សមត្ថកិច្ចនគរបាលជាតិ ក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន៤៤ករណី និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន៩០នាក់។ ចំនួននេះ បានបង្ហាញឱ្យឃើញថា ករណីបទល្មើសព្រហ្មទណ្ឌនៅសប្ដាហ៍ចុងក្រោយមានការថយចុះ។
លោក ទូច សុឃៈ (សុខៈ) បន្តថា ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ គឺជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយលោកស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងស្មារតីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ក្រោមការមគ្គុទេសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា តែងតែប្រជុំដឹកនាំបញ្ជា ដោយតាមដានជំរុញលើកទឹកដល់អាជ្ញាធរដែនដីថ្នាក់ក្រោមជាតិ និងនគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ ដាក់ចិត្តដាក់កាយយកស្មារតីទទួលខុសត្រូវផ្សព្វផ្សាយអប់រំ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព ជាពិសេស អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាប្រចាំ៕