ភ្នំពេញ៖ ការដាក់ និងការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ បានបិទបញ្ចប់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥:៣០នាទីល្ងាច។
ក្នុងរយៈពេល ៥ ថ្ងៃមកនេះ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានទទួលពាក្យសុំចុះបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ សរុបចំនួន ៥ គណបក្សដោយមានបេក្ខជនពេញសិទ្ធិ និងបំរ៉ុងសរុប ២៧.៩៥៣ រូប រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។
ដំណើរការនៃការដាក់ និងការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងរយៈពេល ៥ ថ្ងៃមកនេះ គឺបានប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី និងប្រតិទិននៃការបោះឆ្នោត ក្នុងបរិយាកាសល្អប្រសើរ មានសន្តិសុខ សុវត្ថិភាព និងគ្មានការគំរាមកំហែង។
យោងតាមប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី ៤ ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤៕