មួយសប្ដាហ៍ នគរបាលបង្ក្រាបបទល្មើសគ្រឿងញៀនជាង១៤០ករណី ឃាត់ខ្លួនមនុស្សជាង២៦០នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលជាតិ បានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន១៤២ករណី ក្នុងរយៈពេលពេញមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យបានចំនួន២៦១នាក់។ លោកបន្ថែមថា ភាគច្រើននៃបទល្មើសគ្រឿងញៀនដែលបានបង្ក្រាប គឺជាករណីជួញដូរ-រក្សាទុកគ្រឿងញៀនតូចតាច។

ការបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងសប្ដាហ៍ចុងក្រោយនេះ មានចំនួនលើសពីសប្ដាហ៍មុនបន្តិច ដោយ កាលពីសប្ដាហ៍កន្លងទៅ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន១២២ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន២១៥នាក់។

ការដោះស្រាយបញ្ហាគ្រឿងញៀន ស្ថិតក្នុងចំណោមការងារអាទិភាពចំនួន៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសបង្កើនការយកចិត្តទុកដាក់ដោះស្រាយចាប់ពីដើមនីតិកាលទី៧នេះទៅ។

បញ្ហានេះ ត្រូវបានប្រមុខក្រសួងមហាផ្ទៃ បង្កើនការយកចិត្តទុកដាក់ក្នុងកម្រិតផ្ទៃក្នុងក្រសួង រហូតឈានដល់ការសម្រេចបណ្ដេញចេញពីក្របខ័ណ្ឌចំពោះមន្រ្តីនគរបាលជាតិមួយចំនួនតូច បន្ទាប់ពីត្រូវបានរកឃើញថាមានសារធាតុញៀនក្នុងខ្លួន។

យ៉ាងនេះក្តី សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ចាប់ខ្លួនជនបរទេសចំនួន៣នាក់ និងរឹបអូសគ្រឿងញៀនជាង១៦គីឡូក្រាម នៅភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២១៖៤០នាទី កម្លាំងជំនាញ (ក៣)នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបករណីជួញដូររក្សាទុកគ្រឿងញៀន នៅ២គោលដៅផ្សេងជាបន្តបន្ទាប់។

ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕