តុលាការសម្រេច ចោទប្រកាន់អ្នកបើករថយន្តLAM BORGHINI ដែលបើកបុកគេស្លាប់

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបាន ឱ្យដឹងថា   អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទទួលចាត់ការ សំណុំរឿងព្រហ្មទណ្ឌលេខ ១២៦៧ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លើករណីគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿងមានលក្ខណៈគ្រប់ គ្រាន់ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ FU ZHONG HUA ភេទ ប្រុស កើតថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៦ ជនជាតិចិន ពីបទ បង្ករគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យ ស្លាប់អ្នកដទៃ (បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៨៦mg/L) ប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុនSDB លើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យ ផ្តន្ទាទោសតាមមាត្រា៨៥ កថាខណ្ឌទី ២ ចំណុច ខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងពីបទ រត់គេចខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យ ផ្តន្ទាទោសតាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។


កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២ និង៤៤នាទីរំលង អធ្រាត្រឈ្មោះ FU ZHONG HUA ភេទប្រុស ជនជាតិចិន បានបើករថយន្តមួយគ្រឿងម៉ាក LAM BORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 ផលិតឆ្នាំ២០២២ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និង ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល០.៨៦mg/L លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយអ្នកបើកម៉ូតូម្នាក់ ភេទប្រុស ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូ ស្លាប់នៅនឹងកន្លែង ហើយអ្នកបើកបររថយន្ត បើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ ជាមួយអ្នក រួមដំណើរចំនួន០២ (ពីរ) នាក់ ជាជនជាតិចិន៕