ភ្នំពេញ៖កីឡាការិនីជម្រើសជាតិកម្ពុជាលើប្រភេទកីឡាប៊ីយ៉ាការ៉ុម ស្រួង ភាវី បានចាត់ទុកបុគ្គលដែលបានចាក់ថ្មចូលទន្លេមេគង្គប្រុងយកធ្វើជាកម្មសិទ្ធិនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មិន អាចក្លាយជាសេដ្ឋីដោយសកម្មភាពលោភលន់ទេ ផ្ទុយទៅវិញសកម្មលោភលន់អាចនាំមកនូវគ្រោះថ្នាក់ និង ប្រឈមនូវការបាត់បង់តម្លៃ។
កីឡាការិនី ស្រួង ភាវី បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ថា៖ «មនុស្សមិនអាចក្លាយជាសេដ្ឋីដោយសកម្មភាពលោភលន់ទេ ផ្ទុយទៅវិញសកម្មលោភលន់អាចនាំមកនូវគ្រោះថ្នាក់ និង ប្រឈមនូវការបាត់បង់តម្លៃ »។ កីឡាការិនីលំដាប់ពិភពលោករបស់កម្ពុជា រូបនេះ បន្ថែមថា៖« គេអាចក្លាយជាសេដ្ឋីបាន ដោយគំនិត និងសកម្មភាពនៃការប្រឹងប្រែងប្រកបមុខរបរដោយសុជិវធម៌»។
ជាមួយគ្នានេះ អ្នកប្រើប្រាស់បណ្តាញសង្គម នានា ក៏បានសម្តែងមតិមិនពេញចិត្តចំពោះ បុគ្គលដែលបានចាក់ថ្មចូលទន្លេមេគង្គប្រុងយកធ្វើជាកម្មសិទ្ធិនៅស្រុកស្រីសន្ធរនេះដែរ ដោយពួកគេចាត់ទុក បុគ្គលនេះ ជាអ្នកបំផ្លាញជាតិ និងលោភលន់ និងគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។
ទោះជាបែបនេះ ក្តី អាជ្ញាធរខត្តកំពង់ចាម បានចាត់វិធានការជាបន្ទាន់ករណីលើបុគ្គលដែលបានចាក់ថ្មចូលទន្លេមេគង្គប្រុងយកធ្វើជាកម្មសិទ្ធិស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយអាជ្ញាធរបានហៅបុគ្គលរូបនេះ មកផ្តិតមេដៃឲ្យបញ្ឈប់ជាបន្ទាន់ និងកាយថ្មចេញវិញក្នុងរយៈពេល៧០ថ្ងៃ។
សេចក្តីប្រកាសព័ត៌មានរបស់សាលាខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីចាក់ថ្មចូលផ្ទៃទន្លេមេគង្គនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ភ្លាមៗរដ្ឋបាលខេត្ត បានចាត់តាំងលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ផ្តិតយករូបភាព ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថាពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន ដោយសកម្មភាពនេះបានដំណើរការជិត២ខែមកហើយ ពោលតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤មកម្ល៉េះ៕