ភ្នំពេញ៖ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឃាត់ចាប់រថយន្តចំនួន ០១គ្រឿង ម៉ាក HYUNDAI ពណ៌ក្រហម ជាប្រភេទរថយន្តដឹកអ្នកដំណើរចំណុះ ៤៥កៅអី ពាក់ស្លាកលេខភ្នំពេញ ៣A-៣៤៤៧ ដឹកស៊ុតសត្វមាន់ចំនួន ៤៩២ដុំ ស្មើនឹង ១៤៧ ៦០០គ្រាប់។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ បញ្ជាក់ថា ស៊ុតសត្វខាងលើនោះ នាំចូលមកពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកគិរីវង់ ខេត្តតាកែវនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឆ្ពោះទៅលក់ចែកចាយបន្តនៅខេត្តបាត់ដំបង។
ប្រភពដដែលនេះ បន្ថែមថា ក្រុមការងារបានឃាត់ចាប់នៅលើផ្លូវជាតិត្រង់ចំណុចភូមិភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ដូចនេះក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានស៊ុតសត្វមាន់សរុបចំនួន ១៤៧ ៦០០គ្រាប់ និងរថយន្តចំនួន០១គ្រឿង ទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕