ព្រះសីហនុ៖ សាលាដំបូខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បានសម្រេចឃុំ ខ្លួន ជនជាតិ ចិន ២នាក់ ដាក់ពន្ធនាគារ ក្នុងមា្នក់ៗ រយៈពេល ២ ឆ្នាំ និង ពិន័យជាប្រាក់ក្នុងមា្នក់ៗ ចំនួន ៤ លានរៀល ពីបទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់អសន្តិសុខសង្គម ប្រព្រឹត្តនៅខេត្តព្រះសីហនុកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ (ផលិតវីដេអូក្លែងក្លាយ)។
ជនជាតិចិនទាំងពីរនាក់ មានឈ្មោះ Chen Neng Chuan ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និង ឈ្មោះ Lu Tsu Hsien ភេទប្រុស អាយ ៣៤ ឆ្នាំជនជាតិចិនតៃវ៉ាន់។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញ ជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ខាលងើ ដែលផលិតមាតិកាវីដេអូប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ នៅខេត្តព្រះសីហនុ ។
សំរំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វេីការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន ២នាក់ នៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ និងចុចឡាយ រហូតដល់ជាង៥លាននាក់ ។
វីដេអូដែលពួកគេផលិតនោះ មានដូចជា ការរត់គេចពីការតាមចាប់ខ្លួន ធ្វេីទារុណកម្ម, វីដេអូខ្មោចលង និងវីដេអូផ្សេងៗទៀត នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ។ តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ដែលមានបំណងមកលេងកម្សាន្ដ ក៏ដូចជាមកទេសចរណ៍ក្នុងខេត្តព្រះសីហនុ ។ ដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងទេ ដោយជនសង្ស័យធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលេី កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតស្រោមមុខខ្មោច, កាំភ្លើងជ័រ, សំលៀកបំពាក់ទាហានប៉ារ៉ា, ទូរស័ព្ទដៃ, សម្ភារឧបករណ៍ផលិតVideo Live និងសម្ភារបម្រើឲ្យការថតវីដេអូមួយចំនួទៀត ៕
សូមអានសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះសីនុ៖