ភ្នំពេញ៖ ឆ្លើយតបនឹង គណនីហ្វេសបុក SreyPich Thou ចោទមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្លាប់ប៉ារបស់ខ្លួន នោះ មន្ទីរពេទ្យនេះ បានចាត់ទុក ស្ថានភាពអ្នកជំងឺ ប៉ារបស់គណនីហ្វេសបុកខាងលើ ពេលចូលមកដល់ មន្ទីរពេទ្យគឺមានសភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យ ក៏បានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពនៅតែ មិនអាចសង្គ្រោះបាន។
ឆ្លើយតបតតាមរយៈរបស់ខំមិនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចូលទៅគណនីហ្វេសបុក SreyPich Thou បានសរសេរថា៖«តាងនាមឲ្យថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ ទាំងអស់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត យើងខ្ញុំ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ សមាជិកគ្រួសារដែលបានផុសខាងលើនេះ។ យើងខ្ញុំ សូមជម្រាបជូនដល់បងប្អូនសាធារណៈជនអោយបាន់ ជ្រាបថា ស្ថានភាពអ្នកជំងឺពេលចូលមកដល់ មន្ទីរពេទ្យគឺមានសភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យ ក៏បានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពនៅតែ មិនអាចសង្គ្រោះបាន ដោយក្រុមគ្រូពេទ្យជំនាញ ក៏បានបកស្រាយ និងពន្យល់អំពីសភាពធ្ងន់ធ្ងររបស់ អ្នកជំងឺជូនក្រុមគ្រួសារទៅតាមដំណាក់កាលរួចរាល់ ដែរ»។
មន្ទីរពេទ្យនេះបន្តថា៖«យើងខ្ញុំរង់ចាំស្វាគមន៍សាច់ញាតិបងប្អូន សម្រាប់ ការសាកសួរព័ត៌មានបន្ថែមអំពីការជួយសង្គ្រោះនេះ សូមអញ្ជើញមកទំនាក់ទំនងសួរផ្ទាល់នៅមន្ទីរពេទ្យ បាន។អាស្រ័យហេតុនេះ សូមបងប្អូនសាធារណៈជន មេត្តា ជ្រាបជាព័ត៌មាន។ សូមអរគុណ»។
ជាមួយគ្នានោះដែរ ឆ្លើយតបទៅនឹងនួររបស់អង្គភាពសារព័ត៌មាន Khmer CM នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ នេះ លោកស្រី ឱ វណ្ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា៖«ក្រសួងសូមចូលរួមសោកស្តាយ និងចែករំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពផង។ ខាងមន្ទីរពេទ្យ គេបានឆ្លើយតប និងបានពន្យល់ហើយតើ? សូមពិនិត្យការឆ្លើយតបនេះស្រាប់។ បើនៅមានចម្ងល់ឫសំណួរទៀតនោះ ខាងមន្ទីរពេទ្យអាចពន្យល់បានទៀត ដោយសូមមេត្តាអញ្ជើញទៅជួបក្រុមការងាររបស់មន្ទីរពេទ្យ ផ្ទាល់ ដូចមានចែងក្នុងអត្ថបទបភ្លឺភ្ជាប់ជាមួយនេះស្រាប់។ ការឆ្លើយរបស់មន្ទីរពេទ្យ គឺបានធ្វើនៅក្នុងផេចរបស់អ្នកចុះផ្សាយនេះរួចហើយផងដែរ»។
គណនីហ្វេសបុក SreyPich Thou បានសរសេរថា៖« មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្លាប់ប៉ាខ្ញុំ! តេីមានបងប្អូនខ្មែរប៉ុន្មាននាក់ទៀតដែលត្រូវជួបរឿងបែបនេះ?
ប្រភពដដែលនេះបន្តថា៖«កាលពីម៉ោង ២ទាបភ្លឺថ្ងៃទី ២៦ ខែមករា ប៉ាខ្ញុំមានអាការៈសន្លប់បាត់បង់ស្មារតី ខ្ញុំនឹងម៉ាក់បានដឹកប៉ាមក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) មន្ទីរពេទ្យមិនមានក្រុមការងារគ្រាប់គ្រាន់សម្រាប់លើកប៉ាខ្ញុំទេ ដោយទុកប៉ាខ្ញុំចោលតម្រូវខ្ញុំបង់ប្រាក់មុនដោយចំណាយពេលជាង40នាទី បន្ទាប់ពីខ្ញុំចំណាយពេលបង់ប្រាក់ហេីយពួកខ្ញុំ និងប៉ាខ្ញុំត្រូវចាំគេcallដាស់ពេទ្យស្កែន នឹងតម្រូវអោយបង់ប្រាក់មុនស្កែនម្តងទៀត។ បន្ទាប់មកពីថត គេអូសប៉ាទៅថតស្កែន១កន្លែងទៀតដោយក្រុមតែ១នាក់គត់ រឿងដដែលកេីតឡេីងនៅពេលដល់បន្ទប់ស្កែនគេត្រូវចំណាយពេលcallដាស់ពេទ្យម្តងទៀត»។
ម្ចាស់គណនីខាងលើរៀបរាប់ទៀតថា៖« មិនមានការបឋមត្រឹមត្រូវចំពោះប៉ាខ្ញុំឡេីយ គាត់ត្រូវសន្លប់ពីម៉ោង២រហូតដល់ម៉ោង៤:៣០ ដោយលទ្ធផលបង្ហាញថាប៉ាខ្ញុំត្រូវដាច់សរសៃរក្នុងខួរក្បាល ខាងពេទ្យក៏ប្រាប់ខ្ញុំនឹងម៉ាក់ថា ប៉ាខ្ញុំមិនអាចសង្គ្រោះបានទៀតទេ»។
ប្រភពដដែលបន្ថែមថា៖« រឿងដែលហួសចិត្តជានេះទៅទៀត នៅពេលដែលខ្ញុំពេទ្យយកប៉ាចេញទៅព្យាបាលបន្ត នៅវៀតណាមខាងឡានសាមុយពេទ្យរ៉ុស្សីបានស្កាក់ឡានសាមុយដែលមកយកប៉ាខ្ញុំ ដោយមិនអោយចូល ដោយនិយាយថាមន្ទីរពេទ្យ មិនអនុញ្ញាតអោយឡានខាងក្រៅដឹកអ្នកជំងឺចេញទេ ទាំងដែលខ្ញុំផ្តិតមេដៃ សុំអនុញ្ញាតយកប៉ាចេញព្យាបាលទៅជាមួយហេីយក៏ដោយ។ មិនមែនខ្ញុំមិនចង់យកឡានសាមុយខាងពេទ្យរ៉ុស្សីទេ តែតម្លៃខាងគាត់គឺគុណនឹង២ធៀបនឹងឡានសាមុយពេទ្យខាងក្រៅ លេីសពីនោះទៅទៀតគាត់បាននិយាយមកកាន់ពួកខ្ញុំថា “នរណាអនុញ្ញាតអោយបងចេញ? ពេទ្យមួយណា? ឈ្មោះអី? ចំពោះតម្លៃអ្នកអែងមានតថ្លៃពួកខ្ញុំហេីយរឺនៅ?” ទាំងដែលប៉ាខ្ញុំជិតអត់ពេលទៅ រហូតដល់ម៉ោង៨ព្រឹកទេីបពួកខ្ញុំអាចដោះស្រាយដឹកប៉ាចេញបាន តែគ្រប់យ៉ាងហួសពេលបាត់ទៅហេីយ!ក្នុងនាមនាងខ្ញុំជាក្រុមគ្រួសារសពសូមអំពាវនាវអោយរដ្ឋាភិបាលរកយុត្តិធម៍ ក៏ដូចជាមានវិធានការណ៍ចំពោះករណីនេះផង»។