ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៦ មករានេះ បានសម្រេចផ្តន្ទាទោសលោកបណ្ឌិតឧកញ៉ា ឌុច សារ៉ែម ដាក់ពន្ធនាគារ ០១ឆ្នាំ ០៦ខែ ចំពោះការចេញមូលប្បទានបត្រ ឬនិយាយជាសាមញ្ញាថា សែក ដែលគ្មានលុយសម្រាប់បើកតាមកាលកំណត់ ដែលប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។
យោងតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ បានចែងថា បុគ្គលណាដែលមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទាន ដោយមានបំណង និងដោយមានចេតនាធ្វើឱ្យខូចប្រយោជន៍អ្នកដទៃត្រូវផ្តន្ទាទោសពិន័យជាប្រាក់ចំនួនពីពីរលានរៀល ដល់ប្រាំមួយលានរៀល និងត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពីមួយឆ្នាំទៅបីឆ្នាំ ដោយមិនទាន់គិតដល់កាតព្វកិច្ចទូទាត់សងចំនួនប្រាក់ នៃឧបករណ៍អាចជួញដូរបាន៕