ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា សម្រាប់ខេត្តព្រះសីហនុ បើពិនិត្យឃើញមានសារធាតុញៀន មានមួយប្រមូលមួយចំពោះអ្នកមានសារធាតុញៀនត្រូវតែបញ្ជូនទៅកាន់មណ្ឌលកែប្រែបន្សាសារធាតុញៀនដែលមានទីតាំងស្ថិតនៅក្នុងឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុបានជាសះស្បើយទើបឱ្យធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ។
លោក គួច ចំរើន បានលើកឡើងបែបនេះ ក្នុងពេល អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអង្ករ និងគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភដល់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។
លោក គួច ចំរើនថ្លែងថា ៖«បុគ្គលនោះមកពីកន្លែងណាខេត្តណានៅទីណាមានស្ថានភាពបែបណានោះទេនៅពេលពិនិត្យធ្វើតេស្តមានឃើញផ្សារធាតុញៀនមាននៅក្នុងខ្លួនគឺយើងត្រូវតែយកមកមជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ហើយនៅក្នុងខេត្តព្រះសីហនុគណៈបញ្ជាការឯកភាពខេត្តបានអនុវត្តព្រមៗគ្នាក្នុងគ្រប់កិច្ចប្រតិបត្តិការដោយចាត់វិធានការត្រួតពិនិត្យរដ្ឋបាលចំហរតាមដងផ្លូវសាធារណៈនិងនៅក្នុងមូលដ្ឋាន ក្រោយមានការអនុវត្តរយៈពេលបីខែចុងក្រោយនេះកម្លាំងសមត្ថកិច្ចបានរកឃើញអ្នកផ្ទុកសារធាតុញៀននៅក្នុងខ្លួនមានរហូតទៅដល់ជាង ២០០ នាក់ ដែលបានបញ្ជូនមកមជ្ឈមណ្ឌលដើម្បីធ្វើការបន្សាប»។
លោក គួច ចំរើន ក៏បានបញ្ជាក់បន្ថែមថា ចំពោះយុទ្ធនាការនេះគឺមិនមានការដកថយនោះទេបើទុកឱ្យបងប្អូនមានសារធាតុញៀននៅក្នុងខ្លួនរស់នៅក្នុងសហគមន៍គឺអាចបន្តការប្រើប្រាស់ពីបុគ្គលមួយទៅបុគ្គលមួយមកប្រើប្រាស់ជាមួយខ្លួនបង្កការគ្រោះថ្នាក់នៅក្នុងសហគមន៍របស់យើង។
ជុំវិញបញ្ហានេះ លោក កែវ វាសនា ប្រធានមជ្ឈមណ្ឌលបានឲ្យថាបច្ចុប្បន្ន មានជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនិងបន្សាបសារធាតុញៀនមានចំនួន ៦៧០ នាក់ស្រី ៣៦នាក់។ មជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្តនិងផ្អែកលើសហគមន៍ មានកន្លែងបន្សាបនិងព្យាបាល ការងារស្ដារនីតិសម្បទានិងបណ្ដុះបណ្ដាលជីវៈមានដូចជាកម្មវិធីអប់រំចិត្ត អប់រំចិត្តសាស្ត្រ លំហាត់ប្រាណ កីឡា ហត្ថកម្ម ពលកម្ម កសិកម្ម អប់រំបំណិនជីវិត រោងជាងបណ្ដុះបណ្ដាលវិជ្ជាជីវៈមុនធ្វើសមហរណកម្មអ្នកជាសះស្បើយទៅគ្រួសារនិងសហគមន៍វិញ៕