ភ្នំពេញ ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានរកឃើញ «បង្គា» មានចាក់ចាហួយ និងបានដកហូតភ្លាមៗ រួមទាំងចាត់វិធានការចំពោះម្ចាស់ទំនិញតាមនីតិវិធីផងដែរ។
ការរកឃើញនេះ ធ្វើឡើដើងនៅថ្ងៃទី ៧ ខែមករាឆ្នាំ ២០២៤ ក្រោមកិច្ចសហការជាមួយមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. និងអាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសមុទ្រ នៅលើផ្លូវ៥៩៨ ត្រឡោកបែក សរុបចំនួន៩ទីតាំង។
ជាមួយនេះ ក្រុមមន្ត្រី បានដកយកគំរូសំណាកចំនួន ២២គំរូ រួមមានមឹក បង្គា ក្តាម បង្កង ត្រីសមុទ្រ ។ល។ មកធ្វើតេស្តនិងវិភាគនៅក្នុងរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីពិនិត្យនិងការពារក្រែងមានការដាក់លាយសារធាតុគីមីហាមឃាត់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ជាលទ្ធផល ក្រោយការពិនិត្យយ៉ាងហ្មត់ច៉ត់ មន្ត្រីយើងបានរកឃើញ «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ដោយបានដកហូតភ្លាមៗ រួមទាំងចាត់វិធានការចំពោះម្ចាស់ទំនិញតាមនីតិវិធីផងដែរ៕